(ភ្នំពេញ)៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អង្គភាព Fresh New ថា ចាប់ពីថ្ងៃទី១៥-២៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ានទាំង៤ ដើម្បីពិភាក្សាគ្នាលើការស្តារវិស័យទេសចរណ៍ក្នុងតំបន់ឡើងវិញ និងពិភាក្សាលើវិធានការនានា សម្រាប់ទប់ទល់វិបត្តិជំងឺកូវីដ-១៩។
លោក ថោង រដ្ឋសក្តិ បានបន្តថា កិច្ចពិភាក្សាទាំងនេះត្រូវបានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន លោក លឹម ចុកហយ តាមរយៈ Video Conference ក្នុងនោះរួមមាន៖
* ទី១៖ កិច្ចប្រជុំគណៈកម្មាធិការប្រកួតប្រជែងទេសចរណ៍អាស៊ានលើកទី៩
* ទី២៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) លើកទី២៣
* ទី៣៖ កិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ (ASITDC) លើកទី៩
* ទី៤៖ កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃធនធានទេសចរណ៍អាស៊ាន (ATRMEC)។
លោកអគ្គនាយកបានបន្ថែមទៀតថា ស្របពេលជាមួយកិច្ចប្រជុំគណៈកម្មការទេសចរណ៍អាស៊ាន ក៏មានកិច្ចប្រជុំក្រុមការងារដៃគូទីផ្សារទេសចរណ៍អាស៊ានលើកទី៩ផងដែរ។
គណៈកម្មការទេសចរណ៍អាស៊ាន បានដាក់ចុះនូវគោលនយោបាយធំៗមួយចំនួន ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធានការនានាសម្រាប់ទប់ទល់នឹងវិបត្តិកូវីដ-១៩ មានដូចតទៅ៖
* ទី១៖ អាស៊ានគាំទ្រការរៀបចំគោលការណ៍ណែនាំស្តីពី ការវាយតម្លៃទទួលស្គាល់សមត្ថភាពបុគ្គលិក កំពុងបម្រើការងារក្នុងវិស័យទេសចរណ៍អាស៊ាន ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ដែលដឹកនាំដោយកម្ពុជា។
* ទី២៖ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។
* ទី៣៖ អាស៊ាននឹងរៀបចំគោលការណ៍ណែនាំស្តីពីវិធានអនាម័យ និងសុវត្ថិភាព ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់វិធានអនាម័យ និងសុវត្ថិភាពសម្រាប់វិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូវីដ-១៩។
* ទី៤៖ ជំរុញការវិនិយោគវិស័យទេសចរណ៍អាស៊ាននឹងដាក់ចេញសេចក្តីណែនាំស្តីពី ការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។
* ទី៥៖ អាស៊ានកំពុងរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួមក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន។
* ទី៦៖ អាស៊ាននឹងរៀបចំផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
* ទី៧៖ អាស៊ានកំពុងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ានឆ្នាំ២០២១-២០២៥៕