(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងដោយមានការអញ្ជើញចូលរួមពីលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ និងក្រុមការងារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយចុះសួរសុខទុក្ខ និងចុះប្រគល់នូវបណ្ណសមធម៌ក្រីក្រប្រភេទ១ និងប្រភេទ២ ជូនប្រជាពលរដ្ឋក្រីក្រ២៣គ្រួសារ ស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឃឹង នុភាព បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់រដ្ឋាភិបាលកម្ពុជា និងដោះស្រាយឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាល បានកំណត់ឲ្យក្រសួងផែនការធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ ដើម្បីផ្ដល់ឱកាស ឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់សុំសម្ភាស ដើម្បីទទួលបានប័ណ្ណសមធម៌ ក្នុងចន្លោះជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការ និងដាក់ដំណើរការ ក្នុងឆ្នាំ២០២០ខាងមុខនេះ។
ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ជាប្រព័ន្ធតាមជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ និងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ និងចូលរួមផ្ដល់ទិន្នន័យ គ្រួសារក្រីក្រ កាន់តែពេញលេញតាមតម្រូវការ របស់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវា ឬជំនួយនានា ក្រោមគម្រោងនៃក្របខណ្ឌនយោបាយជាតិគាំពារសង្គម។
លោកបានបន្តថា ដើម្បីជួយសម្រួលជីវភាពប្រជាជន និងកាត់បន្ថយផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេច ជួយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមាន ប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រដែលអនុវត្តតាមជុំ នៃការប្រមូលផ្តុំទិន្នន័យ និងគ្រួសារខ្លះទៀត ទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រ ដោយជំងឺកូវីដ១៩។
លោក ឃឹង នុភាព ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ ពីធ្វើការនៅក្រៅប្រទេស ដើម្បីសុវត្ថិភាព ក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា ជាពិសេសស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ លោកបានប្រគល់នូវប័ណ្ណសមធម៌ក្រីក្រប្រភេទ១ និងប្រភេទ២ ជូនប្រជាពលរដ្ឋក្រីចំនួន២៣គ្រួសារ និងបានផ្តល់អង្ករ២៥គីឡូក្រាម មី១កេស ក្រម៉ា១ និងថវិកាមួយចំនួន៕