(ភ្នំពេញ)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញអំពីសមិទ្ធផលជាវឌ្ឍនភាព ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងទៅ ក្នុងការបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
*ទី១៖ វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសេដ្ឋកិច្ច៖
ទំនប់វារីអគ្គិសនី ០១កន្លែង មានអានុភាព៤០០មេហ្កាវ៉ាត់ មានឈ្មោះថា វារីអគ្គិសនីសេសានក្រោម២ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្នកំពុងប្រតិបត្តិការផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនដល់អគ្គិសនីកម្ពុជា។
ស្ពានឆ្លងកាត់ទន្លេធំៗ ៤កន្លែង មានស្ពានឆ្លងទន្លេសេកុង ប្រវែង ១,០៥៧ម៉ែត្រ, ស្ពានឆ្លងទន្លេមេគង្គ ប្រវែង ១,៧៣១ម៉ែត្រ, ស្ពានទន្លេកុងសែនជ័យ ប្រវែង ២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ឆ្លងកាត់ទន្លេកុង ផ្នែកខាងលើ ប្រវែង២៤០ម៉ែត្រ។
ផ្លូវជាតិឆ្លងកាត់ខេត្តចំនួន ០៣ខ្សែ មានផ្លូវជាតិ៧ ពីព្រំដែនក្រចេះដល់ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ៨៦.៦គីឡម៉ែត្រ ផ្លូវជាតិលេខ៩ ភ្ជាប់ពីព្រំប្រទល់ ខេត្តស្ទឹងត្រែង-ព្រះវិហារ ដល់ក្រុងស្ទឹងត្រែង ៧២.៩គីឡម៉ែត្រ ផ្លូវជាតិលេខ៧៨ ចាប់ពីចំណុចអូរពង់មាន់ ក្រុងស្ទឹងត្រែង ដល់ស្ពានស្រែពក ខេត្តរនគិរី ៦៥គីឡូម៉ែត្រ។
ផ្លូវកៅស៊ូក្នុងខេត្តមានចំនួន ២៧ខ្សែ ប្រវែង៧៣គីឡូម៉ែត្រ ផ្លូវបេតុង៨ខ្សែ ប្រវែង ១៨.៥គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមដែលមានផ្លូវជនបទ ផ្លូវប្រើប្រាស់ថវិកាខេត្ត មូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ២៦៣ខ្សែ ប្រវែង ៨,៦០៩គីឡូម៉ែត្រ។ ស្ពានបេតុង ០៨កន្លែង ប្រវែង២៩៨ម៉ែត្រ ស្ពានដែកបេឡេតិ៍ ០៤កន្លែង ប្រវែង២៧៥ម៉ែត្រ។ ប្រព័ន្ធលូបេតុងអមសងខាងផ្លូវ និងកាត់ទទឹងផ្លូវ ៦៤៦កន្លែង ប្រវែង៧,០៧៧ម៉ែត្រ និងស្ពានឈើក្បាលបេតុង១២៣កន្លែង។
រៀបចំការចាក់ជម្រាលច្រាំងទន្លេ ដើម្បីការពារការច្រាំង និងលើកកម្ពស់សោភ័ណភាព ក្នុងទីប្រជុំជនក្រុង សម្រេចបាន២៧០ម៉ែត្រ។ រៀបចំស្ថាបនារង្វង់មូលក្នុងទីប្រជុំជន ក្រុងស្ទឹងត្រែងចំនួន ០២កន្លែង និងសួនច្បារចំនួន ០៧កន្លែង។
*ទី២៖ ការអភិវឌ្ឍតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការទ្វេភាគី៖
ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ ដែលមាន ៣ខេត្តនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ៤ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខេត្តមានច្រកទ្វារអន្តរជាតិមួយ ឈ្មោះថាច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល ជាមួយភាគីឡាវ មានឈ្មោះច្រកទ្វារអន្តរជាតិណងណុកខៀន ក្នុងខេត្តចាំប៉ាសាក់ ដែលច្រកទ្វារអន្តរជាតិនេះ បានសម្ពោធដាក់ឲ្យ ដំណើរជាផ្លូវ ក្នុងខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ស្ថាបនាផ្លូវក្រួសក្រហមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រខេត្ត ដោយកសាងសម្រេចបានប្រវែង ២០០គីឡូម៉ែត្រ និងស្ពានបេតុងប្រវែងពី ១៨ម៉ែត្រ ទៅ៣៦ម៉ែត្រចំនួន ០៧កន្លែង។ រៀបចំអភិវឌ្ឍដីលំនៅឋានសម្បទានសង្គមកិច្ច សម្រាប់គ្រួសារកងកម្លាំងមានសមត្ថកិច្ចឈរជើង តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ៥០០ខ្នងផ្ទះ និងមានបំពាក់នូវសូឡាអគ្គិសនី ជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋ ចូលរួមដាំគ្រាប់ត្នោតតាមសងខាងផ្លូវបណ្ដាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ សម្រេចបាន ចំនួន ១៨០.០០០គ្រាប់ ស្មើនឹង ៩០គីឡូម៉ែត្រ។
*ទី៣៖ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៖
អនុវត្តវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមានបទល្មើសធនធានធម្មជាតិព្រៃឈើ ដីធ្លី នេសាទ សត្វព្រៃ បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន ខុសច្បាប់ អំពើជួញដូរមនុស្ស និងអំពើលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ជាដើម។ល។ អនុវត្តផែនការនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងចលនាសន្តិសុខសុវត្ថិភាពសហគមន៍ តាមរយៈការចូលរួមពីសំណាក់ប្រជាជនក្នុងមូលដ្ឋាន។
អនុវត្តវិធានការអប់រំ ផ្សព្វផ្សាយស្ដីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការពារសុវត្ថិភាព សណ្ដាប់ធ្នាប់តាមដងផ្លូវ ព្រមទាំងការលុបបំបាត់ប៉ុស្តិ៍ ត្រួតពិនិត្យខុសច្បាប់។ រៀបចំកសាងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៣៤ ដែលបច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានអគារបម្រើ ការងាររឹងមាំ និងសមស្របចំនួន ២១ឃុំ សង្កាត់ និងកំពុងស្ថាបនាកែលម្អជាបន្តបន្ទាប់ចំនួន ១៣ឃុំ សង្កាត់។
*ទី៤៖ ការលើកកម្ពស់ផ្នែកកសិកម្ម កសិឧស្សាហកម្ម៖
កសាងប្រព័ន្ធស្រោចស្រពចំនួន ១១កន្លែង ប្រវែង១១,២៨៨ម៉ែត្រ អាងស្តុកទឹកមានបរិមាណ ២៨លានម៉ែត្រគូប ទំនប់ទ្វារទឹកការពារទឹកជំនន់ ០៤កន្លែងក្នុងក្រុងស្ទឹងត្រែង។ អនុវត្តផែនការលើកកម្ពស់ផលិតផល និងផលិតកម្មកសិកម្មសម្រេចបាន មានផ្ទៃដីស្រូវ ស្រែ និងស្រូវចម្ការ ចំនួន ២៨,០០០ហិកតា និងផ្ទៃដីដាំដំណាំកសិឧស្សាហកម្ម មានកៅស៊ូ ២០,០០០ហិកតា ស្វាយចន្ទី ២០,០០០ហិកតា ស្វាយកែវល្មៀត ៣,០០០ហិកតា ចេកអំបូងលឿង ៨០០ហិកតា ដំឡូមី ១២,០០០ហិកតា ព្រមទាំងផ្ទៃដីដាំដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានដូចជាម្នាស់ ល្ង និងសណ្ដែកសៀងជាដើម។
*ទី៥៖ ការលើកកម្ពស់ជីវភាព និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ៖
ផ្សារសាមគ្គីស្ទឹងត្រែង ទំហំជាង ៩,០០០ម៉ែត្រការេ ដែលមានតូប រាន សរុបស្មើនឹង ១,២៨៦ ជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឡើង ដើម្បីដោះស្រាយការលំបាករបស់អាជីវករម្ចាស់ តូប រាន ចំនួន៦២៣នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆេះ ផ្សារថ្មស្ទឹងត្រែង កាលពីខែមេសា ឆ្នាំ២០១៦។
ការដោះស្រាយគោលនយោបាយសំណងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិទាំង៦ នៃឃុំចំនួន៣ ក្នុងស្រុកសេសាន ដែលមានចំនួន ៨៦០គ្រួសារ ស្មើនឹងប្រជាពលរដ្ឋរងផលប៉ះពាល់ ៣,៩៦០នាក់។ បច្ចុប្បន្នការដោះស្រាយនេះស្ទើរបញ្ចប់ ១០០ភាគរយ ដោយនៅសេសសល់តិចតួចគ្រួសារប៉ុណ្ណោះ។
ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសម្រេចបានចំនួន ២៤,៥០០ក្បាលដី។ ការពង្រីកបណ្ដាញអគ្គិសនី ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នគ្រួសារប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់កើនឡើងដល់ប្រមាណ ៥០% ដែលស្មើនឹងប្រមាណជាង ១៦,០០០គ្រួសារ នៃគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។
រៀបចំបង្កើតរម្មណីយដ្ឋានអេកូទេសចរណ៍ចំនួន ២០កន្លែង តាមតំបន់មូលដ្ឋានដងទន្លេមេគង្គ សេកុង សេសាន ស្រែពក និងនៅតាមសហគមន៍ជនជាតិដើម ភាគតិច។
ដោះស្រាយវិវាទដីធ្លីសម្រេចបាន ៥៨ករណី ស្មើនឹង ១.៤៤៩គ្រួសារ ដោយមាន ការពេញចិត្តទទួលយកពីប្រជាពលរដ្ឋ និងកំពុងបន្តដោះស្រាយ ចំនួន ០៣ករណីទៀត។
ពង្រីកការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងទីប្រជុំជនក្រុង និងមូលដ្ឋានស្រុក ដែលបច្ចុប្បន្ន មានអង្គភាពរដ្ឋាករទឹកក្នុងក្រុងស្ទឹងត្រែង និងនៅតាមបណ្ដាឃុំ សង្កាត់មួយចំនួន មានបណ្ដាញទឹកសហគមន៍ បច្ចុប្បន្នមាន ០៩បណ្ដាញទឹកសហគមន៍។ ក្នុងឆ្នាំ២០២១ខាងមុខនេះ ក្នុងខេត្ត នឹងមានរោងចក្រផលិតទឹកស្អាត ដែលអាចផ្គត់ផ្គង់ទឹកបាន ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ជាគម្រោងវិនិយោគអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
*ទី៦៖ លើកកម្ពស់ និងអភិវឌ្ឍវិស័យសុខភាព អនាម័យបរិស្ថាន អប់រំសិក្សាធិការ៖
ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល អគារមន្ទីរពេទ្យបង្អែកខេត្តមួយ មណ្ឌលសុខបច្ចុប្បន្នសរុបមានចំនួន១៤កន្លែង និងប៉ុស្តិ៍សុខភាពថ្មី ០៣កន្លែង ដែលគិតត្រឹមឆ្នាំ២០១៥ ក្នុងខេត្តមានតែ០៧មណ្ឌលសុខភាពប៉ុណ្ណោះ។ ក្នុងខេត្តមានសាលាមធ្យមសិក្សាសុខាភិបាលមួយកន្លែង ដើម្បីការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិជ្ជាជីវៈសុខាភិបាលកម្រិតមធ្យម និងបឋមសម្រាប់ភូមិភាគឦសាន ដែលក្នុងមួយជំនាន់ៗ ជាមធ្យមមានសិស្ស និស្សិតពេទ្យ ១៨០នាក់។
កសាងហេដ្ឋារចនាសម្ព័ន្ធអប់រំគ្រប់កម្រិត ដែលបច្ចុប្បន្នមានសាលារៀនគ្រប់កម្រិតចំនួន ១,២៩៩ខ្នង ស្មើនឹង៤,៥៣៨បន្ទប់រៀន ក្នុងនោះមានអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៦០ខ្នង ស្មើនឹង៣៦៧បន្ទប់ និងទីចាត់ការ៧ខ្នង ស្មើនឹង២១បន្ទប់។
*ទី៧៖ ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍស្ថាប័ន
រៀបចំកសាងប្លង់គោលប្រើប្រាស់ដីធ្លីក្រុង ស្រុក សម្រេចបាន០១ប្លង់គោល សម្រាប់ក្រុងស្ទឹងត្រែង កំពុងបន្តនីតិវិធី ០២ស្រុក និងរៀបចំសិក្សាបន្ថែម ក្នុងស្រុកចំនួន ០៣ទៀត។
សាងសង់អគាររដ្ឋបាលឃុំ សង្កាត់ សម្រេចបានទាំង៣៤ឃុំ សង្កាត់ ដែលគិតត្រឹមឆ្នាំ២០១៥ មានតែ ១៧ឃុំ សង្កាត់ប៉ុណ្ណោះដែលមានអគាររដ្ឋបាល តាមបទដ្ឋានបច្ចេកទេស។ អគាររដ្ឋបាលក្រុង ស្រុកតាមបទដ្ឋាន ចំនួន០៣ស្រុក ក្នុងចំណោម០៦ក្រុង ស្រុក និងអគារអង្គភាពខេត្ត និងការិយាល័យច្រកចេញចូល តែមួយក្រុង ស្រុក ចំនួន ០៤អគារ។
ការរៀបចំមុខតំណែង តួនាទី ភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក តាមលិខិតបទដ្ឋានគតិយុត្តកំណត់សម្រេចបាន ចំនួន៤៦២នាក់។ អភិវឌ្ឍសមត្ថភាពធនធានមនុស្សជាមន្ត្រីរាជការថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ជាប្រចាំតាមបណ្ដាឆ្នាំនីមួយៗ ដែលជាមធ្យមក្នុងមួយឆ្នាំៗចំនួន ១៥វគ្គបណ្ដុះបណ្ដាល ស្មើនឹង ១,២០០នាក់-លើក៕