(បន្ទាយមានជ័យ)៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយលោក លោក វរ៉ាផាន់ សុវាណុន (WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ ប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
កិច្ចប្រជុំនេះ បានពិភាក្សាគ្នាចំនួន ៤ចំណុច រួមមាន៖
*ទី១៖ ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
*ទី២៖ ពិភាក្សាសុំឲ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
*ទី៣៖ ពិភាក្សាករណីពលករ(ចេញ-ចូល)
*ទី៤៖ បញ្ហាផ្សេងៗ។
ជាលទ្ធផល ឆ្លងតាមកិច្ចពិភាក្សាយ៉ាយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ បានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអ៉ីវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ហើយរយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៣៖០០នាទីរសៀល ចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ ដោយត្រូវរង់ចាំការជូនដំណឹងពីថ្នាក់លើរបស់ប្រទេសថៃ៕