(កណ្ដាល)៖ នគបាលស្រុកមុខចំពូល ខេត្តកណ្តាល ឃាត់ខ្លួនស្ត្រីម្នាក់ជាមេតុងទីន ក្រោយអ្នកលេងតុងទីនចំនួន៩២នាក់ បានប្ដឹងដោយចោទប្រកាន់ពីបទឆបោក និងកូនតុងទីន៥០នាក់ ឡោមព័ទ្ធជុំវិញផ្ទះមេតុងទីនដោយសារខ្លាចរត់គេចខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះមានចំនួន៩២នាក់ ចំណែកមេតុងទីនមានឈ្មោះ ងួន ស្រីទូច ហៅរស់ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះមានទីលំនៅភូមិ ឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
នគរបាលបានឱ្យដឹងថា ជនសង្ស័យបានឆ្លើយបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ និងថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ខ្លួនបានធ្វើមេតុងទីន ដោយមានការឯកភាពលេងចំនួន៥ខ្សែ មានក្បាល ១០,០០០រៀល, ក្បាល ២០,០០០រៀល, មានពីរខ្សែរក្បាល៤០,០០០រៀល និងក្បាល១០ដុល្លារចំនួនមនុស្សលេង២០៨នាក់ សរុបចំនួន១០៤០ក្បាល ដោយអ្នកខ្លះលេងក្នុងម្នាក់ៗជាច្រើនក្បាល ដេញជារៀងរាល់ថ្ងៃ ចំនួន៥ខ្សែ មនុស្សចំនួន៥នាក់ ដោយឡែកក្បាល៤ម៉ឺនរៀល ក្នុងមួយសប្តាហ៍ដេញ២ដង ចំណែកក្បាល ១០ដុល្លារមួយសប្ដាហ៍ដេញម្ដង។
លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក៏មានរឿងកើតឡើងដោយកូនតុងទីនទាំងអស់ផ្អើលឆោឡោ ដោយសារមេតុងទីនមិនបានប្រមូលប្រាក់ឱ្យកូនតុងទីនដែលដេញបាន។ ជនសង្ស័យក៏បានគេចចេញពីផ្ទះទៅសម្រាកនៅមន្ទីរពេទ្យដោយសារមានជំងឺ។ រហូតដល់រយៈពេល១១ថ្ងៃ ជនសង្ស័យក៏វិលត្រឡប់មកផ្ទះវិញ ហើយលោក អ៊ុ ឈុនស្រេង មេឃុំឬស្សីជ្រោយ ក៏បានហៅមេតុងទីន និងកូនតុងទីនទាំងអស់មកសាលាឃុំ ដើម្បីសម្របសម្រួលគ្នា ហើយបានឱ្យមេតុងទីនប្រមូលប្រាក់ពីកូនដែលដេញងាប់មកឱ្យកូនដែលគេដេញបាន។
ក្រោយមកជនសង្ស័យក៏ប្រមូលប្រាក់បាន០៧ដង ក្នុង០១ដង បាន១០លានរៀល យកទៅផ្ទះលោកមេឃុំឬស្សីជ្រោយ ហើយលោកមេឃុំក៏ទូរស័ព្ទហៅឈ្មោះ ហុង ចាន់ធីតា ដែលត្រូវជាដន្លងឱ្យ មកយកប្រាក់នោះសរុបចំនួន ៧០លានរៀល ធ្វើឱ្យកូនតុងទីនមួយចំនួនដែលមិនទាន់បានប្រាក់មានការអាក់អន់ចិត្ត។ ដោយឡែក ប្រាក់ដែលជនសង្ស័យប្រមូលបានពីកូនតុងទីនបន្តទៀតបាន ចំនួន ៣៥លានរៀល ជនសង្ស័យបានរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ។
ចំពោះករណីនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕