(ស្វាយរៀង)៖ នៅក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក នៃខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននិមួយៗដែលខ្លួនទទួលខុសត្រូវ។
ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងស្រុកទាំង៨ អភិបាល អភិបាលរង ក្រុងស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពទាំង១៣ ចំណុះរដ្ឋបាលក្រុង ស្រុកទាំង៨ និងគ្រូបង្គោល អញ្ជើញមកពីសាលាជាតិរដ្ឋបាលមូលដ្ឋានចំនួន២នាក់ សរុបវត្តមានចំនួន២៤០នាក់។
លោក ម៉ែន វិបុល ក៏បានថ្លែងការអរគុណចំពោះគណៈអធិបតី ព្រមទាំងសិក្ខាកាមទាំងអស់ដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការនៅតាមរដ្ឋបាលក្រុង ស្រុក នៅក្នុង ខេត្តស្វាយរៀង ដែលបានចំណាយពេលវេលារបស់ខ្លួនដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក៏ដូចចូលរួមនៅក្នុងវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នៅថ្ងៃនេះ។
លោកបន្តថា ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិបន្ថែមទៀតដូចជា៖
*ទី១៖ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលមានលក្ខណៈពេញលេញដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
*ទី២៖ ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារ មានន័យថារដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាពឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ម៉ែន វិបុល ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់បើកចិត្តឱ្យទូលាយទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលមានប្រយោជន៍ ព្រមទាំង ទុកការងាររបស់ខ្លួនមួយឡែក និងត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គតម្រង់ទិសតាំងពីដើមរហូតដល់ចប់កម្មវិធី និងខិតខំធ្វើការឆ្លុះបញ្ចាំងឱ្យបានផុសផុលរវាងសិក្ខាកាម និងសិក្ខាកាម និងរវាងសិក្ខាកាម និងគ្រូឧទ្ទេស៕