(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ជ្រុន ថេរ៉ាវ៉ាត ជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ការតែងតាំងលោក ជ្រុន ថេរ៉ាវ៉ាត ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ជ្រុន ថេរ៉ាវ៉ាត ដែលទទួលបានការអប់រំជ្រៅជ្រះ និងជាមន្ត្រីមួយរូបដែលមានបទពិសោធន៍ និងបានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាលជាយូរឆ្នាំមកហើយ។ លោកត្រូវបានកត់សម្គាល់ថា ជាមន្ត្រីមួយរូបដែលមានសមត្ថភាពផងដែរ។
ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាសេនាធិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍនៅជនបទ។ ដូច្នេះការតែងតាំងមន្ត្រីថ្មីដែលមានសមត្ថភាព ជាការរួមចំណែកដ៏សំខាន់ ដើម្បីជួយឱ្យក្រសួងបំពេញបេសកកម្មដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ជូនរាជរដ្ឋាភិបាល ព្រមទាំងនាំមកនូវឧត្តមប្រោជន៍សម្រាប់ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦។
ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទដែលមានមុខងារ និងភារកិច្ចសំខាន់ៗដូចជា៖ កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅដោយរួមបញ្ចូលទាំងជនជាតិភាគតិចក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង។
ក្រសួងនេះ ក៏មានតួនាទីភារកិច្ចចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា, សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។
ក្រសួងអភិវឌ្ឍន៍ ក៏មានបេសកកម្មក្នុងការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង, រៀបចំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ភូមិភាគដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាពជាក់ស្តែង, អប់រំ ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ។
ក្រសួងក៏មានតួនាទីភារកិច្ចសំខាន់ក្នុងការធ្វើទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងផ្នែកឯកជនដែលមានការពាក់ព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព, គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះថ្នាក់គ្រួសារភូមិ ឃុំ ដែលរួមមានផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនៅថ្នាក់មូលដ្ឋាន៕