(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត (Wing) និងធនាគារកាណាឌីយ៉ា ក.អ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងដោយមានវត្ថុមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។
ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាព នៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។
បើតាមលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីង កំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេ និងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។
លោក ម៉ានូ រ៉ាចាន់ បានបន្តថា «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។
លោក ម៉ានូ រ៉ាចាន់ បានបញ្ជាក់ថា វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា ដែលមានបណ្តាញភ្នាក់ងារវីង ជិត៨០០០កន្លែងនៅទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុក និងក្រៅស្រុកដ៏រឹងមាំ។
ចំណែកលោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានយ៉ាងដូច្នេះថា៖ «កិច្ចសហការនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្នមិនថានៅតំបន់ដាច់ស្រយាលក៏ដោយ»។
លោក Raymond Sia Say Guan បានបន្តថា ធនាគារកាណាឌីយ៉ា បានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត៣០ឆ្នាំ ក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវ ដែលជាប្រទេសជិតខាង។
ទាំងវីង និងធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា ដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០,០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។
ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា នៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជា ចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល៕