(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងថា ក្រសួងការបរទេស គាំទ្រតាមគោលជំហររបស់ក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបនឹងករណីបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ជនជាតិថៃ ដែលជាសកម្មជនក្រុមអាវក្រហម។
និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ត្រូវបានបណ្តាញសារព័ត៌មានថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
សមាជិកក្រុមអាវក្រហមរបស់ថៃមួយក្រុមតូច ធ្លាប់បានធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដោយទាមទារឲ្យមានការស៉ើបអង្កេតលើករណី លោក Wanchalearm Satsaksit ដែលពួកគេចោទថា ត្រូវបានចាប់ពង្រត់នៅរាជធានីភ្នំពេញផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធបញ្ហានេះ លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចដែលក្រសួងមហាផ្ទៃ ធ្វើសន្និសីទកន្លងមក គឺខ្លឹមសារហ្នឹងមិនខុសទេ មានន័យថា យើងបាត់ព័ត៌មានហ្នឹងតាំងពីឆ្នាំ២០១៧ម្ល៉េះ រវាងបញ្ហាវត្តមានបុរសជនជាតិថៃហ្នឹងនៅស្រុកខ្មែរ។ ដូច្នេះព័ត៌មានចចាមរ៉ាមកន្លងមក គឺថាក្រសួងមហាផ្ទៃប្រាប់ថា មិនមែនជារឿងពិតទេ ហើយទោះយ៉ាងណាក្រសួងមហាផ្ទៃ បន្តធ្វើការស្រាវជ្រាវដែរ»។
លោកបន្តថា «តាមពិតបើយើង [ក្រសួងការបរទេស] ឆ្លើយតប គឺយើងធ្វើតាមការងារដូចក្រសួងមហាផ្ទៃបញ្ជាក់កន្លងមកដែរ។ គឺថាកាលពីឆ្នាំ២០១៥ ឃើញសកម្មភាពបុរសហ្នឹងចេញចូលស្រុកខ្មែរ ប៉ុន្តែដល់ឆ្នាំ២០១៧ គឺបាត់ដំណឹងតែម្តង»។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។
លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺឈ្មោះ Wanchalearm Satsaksit បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។
លោកបញ្ជាក់ថា៖ «បើបុគ្គលនេះរស់នៅក្នុងកម្ពុជា គឺរស់នៅដោយខុសច្បាប់ហើយ ប៉ុន្តែគាត់ទៅណាក៏យើងមិនបានដឹងតាំងពីពេលនោះមក»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ធ្លាប់បានអំពាវនាវឲ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក Wanchalearm Satsaksit សូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង៕