(ភ្នំពេញ)៖ ក្រុមហ៊ុន១០របស់ជប៉ុន បានសម្តែងឆន្ទៈយ៉ាងមុតមាំថា នឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ធ្វើយ៉ាងណាជំរុញការដាំដុះបន្លែរបស់ប្រជាកសិករ ឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង លើទីផ្សារអន្ដរជាតិ។
នេះបើតាមការលើកឡើងរបស់លោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន ក្រុមហ៊ុន Yamato Green Co., Ltd របស់ជប៉ុន ថ្លែងឲ្យដឹងក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យ ចូលជួបសម្ដែងការគួរសមជាមួយលោក លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។
ជំនួបនេះមានបំណងពិភាក្សាការងារពីគំនិតផ្តួចផ្តើមនៃ ការបង្កើតអនុស្សារណ:យោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេល ប្រមូលផលពីប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ប្រទេសកម្ពុជា លើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។ ជាក់ស្តែងជំនួយឥតសំណងនៃមជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីឆ្នាំ២០១៩ កន្លងទៅគឺជាសក្ខីភាពមួយទៀត បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវ សណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្ត កម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជន ប្រកបដោយសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ និងកាលៈទេសៈដែលពិភពលោក កំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ១៩ និងស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាសដល់ប្រជាកសិករ ដើម្បីកែប្រែទម្លាប់ពីការផលិត សម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី «កសិករទៅជាកសិ-ពាណិជ្ជករ»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគ កំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគ ចំណីអាហារដែលមានស្តង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និត ពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
លោក Nabeshima Katsuhito បានជម្រាបជូនលោករដ្ឋមន្រ្តីថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់ប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ ឱ្យអស់លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយ ទាំងអំឡុងពេលដាំដុះ និងប្រមូលផលរហូតដល់លើតុសម្រាប់អ្នកបរិភោគ។ ហេតុផលទាំងអស់នេះ ជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជា មិនអាចផ្គត់ផ្គង់ទីផ្សារ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។
លោកបានបន្ដថា «បន្ទាប់ពីឃើញពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ៥រួមមាន៖ តំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ, ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ, ក្រុមហ៊ុន Nippon Express (Cold Chain Logistics), ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំថា នឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាត ដែលកសិករកម្ពុជាកំពុងជួបប្រទះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយ គឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែង ជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia»។
លោករដ្ឋមន្រ្ដីបានសម្តែងក្ដីរីករាយ និងគាំទ្រនូវរាល់ចំណុចសំខាន់ៗ ដែលក្រុមហ៊ុនបានលើកឡើង ដោយបានបញ្ជាក់ថា នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទនៈភាពសម្រាប់ក្រសួងក៏ដូចជា រាជរដ្ឋាភិបាលជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តង តាមរយៈក្តីសង្ឃឹមថា នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជា នាពេលអនាគត។
លោកសង្ឃឹម និងជឿជាក់ថា គម្រោងដ៏មានអត្ថប្រយោជន៍មួយនេះនឹងទទួលបានជោគជ័យ នាពេលអនាគតដូចដែលក្តីស្រមៃ របស់រាជរដ្ឋាពិបាលក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងន័យទទួលបានភាពជាម្ចាស់ ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែ ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក «ផលិតផលកម្ពុជា»។
លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋាន កសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរី ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕