(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដាអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២០នេះ បានចុះដោះស្រាយបញ្ហាដីធ្លី និងឯកភាពធ្វើបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាង២០គ្រួសារ ស្ថិតនៅចំណុចដីទួលចំប៉ី ក្នុងភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដីនៅតំបន់ទួលចំប៉ីនេះ ដើមឡើយជាដីទីទួលសុវត្ថិភាពសម្រាប់ទុកឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់មកស្នាក់អាស្រ័យ និងសង្គ្រោះសត្វពាហនៈផងដែរ ដូច្នេះដីតំបន់នេះអាជ្ញាធរមិនបានអនុញ្ញាតឲ្យចេញបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះទេ។
ប៉ុន្តែកន្លងមកនេះ ដោយអនុវត្តលើគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោយពីអាជ្ញាធរខេត្ត បានចុះពិនិត្យសិក្សា លើដីតំបន់ទួលចំប៉ីនេះ ឃើញថា មានប្រជាពលរដ្ឋមករស់នៅក្នុងតំបន់នេះ ហើយក៏បានអាស្រ័យផលលើដីនេះផងនោះ ទើបអាជ្ញាធរខេត្តបានសម្រេចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ដោយមានការឯកភាពពី ប្រជាពលរដ្ឋយល់ព្រមកាត់ផ្ទៃដី២០ភាគរយ ជូនដល់អាជ្ញាធរខេត្ត ដើម្បីទុកធ្វើជាទីទួលសុវត្ថិភាព សម្រាប់ឱ្យប្រជាពលរដ្ឋមកស្នាក់នៅបណ្ដោះអាសន្នក្នុងពេលមានទឹកជំនន់។
សូមរំលឹកថា នៅក្នុងដំណោះស្រាយចុងក្រោយនេះ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណជូនពរសព្វសាធុការ ដល់អាជ្ញាធរខេត្ត ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកតែងតែបានយកចិត្តទុកដាក់ជួយដោះស្រាយដល់ប្រជាពលរដ្ឋក្នុងពេលមានទុក្ខលំបាក៕