(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក លោកស្រីស្នងការរងទទួលការងារដឹកនាំតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បានលើកឡើងពីការការអនុវត្តការងារនាពេលកន្លងមក ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ និងផែនការសម្រាប់អនុវត្តបន្ត ដើម្បីធ្វើយ៉ាងណាធានាឲ្យបានសន្តិសុខសុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ដើម្បីរៀបចំឲ្យបានល្អនៅកម្លាំងអន្តរាគមន៍ ត្រៀមជាប្រចាំក្នុង ការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ។
ជាកិច្ចបញ្ចប់ស្នងការបានមានមតិណែនាំល្អៗជាច្រើនដល់អង្គប្រជុំឲ្យយកចិត្តទុកដាក់បន្ថែម លើការផ្តល់សេវាសាធារណៈបង្កើនការល្បាតធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕