(ភ្នំពេញ)៖ សត្វប្រើសពីរក្បាលត្រូវបានប្រទះឃើញងាប់រហូតស្អុយរលួយក្នុងព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ សង្ស័យត្រូវគ្រាប់ភ្លើងរបស់ព្រានព្រៃ។ ក្រសួងបរិស្ថានបានសម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ជីវិតរបស់សត្វកម្រទាំងពីរក្បាលនេះ។
បើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សពសត្វប្រើសទាំងពីរក្បាលនេះ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយព្រះសង្ឃពេលនិមន្តត្រួតពិនិត្យក្នុងព្រៃនោះ។
បន្ទាប់ពីបានទទួលដំណឹងពីព្រះសង្ឃ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង និងស្នាក់ការរូងដែក បានចុះទៅទីតាំងកើតហេតុខាងលើភ្លាមៗ។ បើតាមការសន្និដ្ឋាន សត្វប្រើសប្រហែលជាត្រូវគ្រាប់កាំភ្លើងរបស់ព្រាន ហើយបានងាប់ប្រមាណ ៦ ទៅ៧ថ្ងៃមកហើយ។ ក្រុមការងាររួមជាមួយកម្លាំងព្រះសង្ឃ បានរៀបចំបញ្ជូនសពសត្វប្រើសទាំងពីរទៅបញ្ចុះផងដែរ។
សូមបញ្ជាក់ថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំជាង ៣០ហិកតា លាតសន្ធឹងក្នុងស្រុកចំនួន៣រួមមាន៖ ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។ ព្រៃនេះត្រូវបានចាត់ចូលជាព្រៃអភិរក្ស និងទទួលបានការពារតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនព្រះតេជគុណ ប៊ុន សាលួត រៀបចំយុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងស្រុកអន្លង់វែងពីការរុករានរបស់អ្នកកាប់បំផ្លាញព្រៃឈើ ព្រានប្រមាញ់សត្វព្រៃ និងសត្វរស់នៅក្នុងទឹក ក៏ដូចជាការរុករកធនធានរ៉ែខុសច្បាប់ជាដើម។
ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត។ ក្នុងមួយរយៈចុងក្រោយនេះ ទោះបីមានការខិតខំការពារពីព្រះសង្ឃ និងមន្ត្រីក្រសួងបរិស្ថានយ៉ាងណាក្តី ក៏សត្វកម្រនៅក្នុងព្រៃនេះជាច្រើនបានរងគ្រោះដោយសារសកម្មភាពរបស់ព្រានព្រៃ។
កាលពីពេលថ្មីៗកន្លងទៅនេះ សត្វទន្សោង ដែលជាសត្វកម្រមួយក្បាល បានងាប់ដោយសារអន្ទាក់របស់ព្រានព្រៃផងដែរ។
ក្រុមអ្នកតាមដានសង្គម បានមើលឃើញថា ការទប់ស្កាត់ការបរបាញ់សត្វមិនអាចបានជោគជ័យនោះឡើយ ដរាបណាប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនអាចរកមុខរបរទ្រទ្រង់ជីវភាព និងកន្លែងលក់ដូរ ឬអាហារដ្ឋានមួយចំនួននៅតែមានការលក់ដូរសាច់សត្វព្រៃជាម្ហូបអាហារនោះ។
អ្នកតាមដានសង្គម បានលើកឡើងថា ដើម្បីទប់ស្កាត់ការបរបាញ់សត្វមានប្រសិទ្ធភាព ត្រូវតែប្រឹងប្រែងបង្កើតមុខរបរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយត្រូវតែលុបបំបាត់ឱ្យអស់ការលក់ម្ហូបអាហារធ្វើពីសាច់សត្វព្រៃ៕