(កណ្ដាល)៖ អធិការនគរបាលក្រុងតាខ្មៅ លោក យី វ៉ាន់ដា បានដាស់តឿនក្រើនរម្លឹកដល់បណ្ដាលមន្ត្រីនគរបាលទាំងអស់ សូមកុំប្រើពាក្យថា «ចាំ» ដូចជា «ចាំស្អែកល្ងាច ចាំស្អែក ចាំបន្តិច» នៅពេលដែលប្រជាពលរដ្ឋមកសុំអន្តរាគមន៍ ប៉ុន្តែត្រូវធ្វើយ៉ាងណាត្រូវឆ្លើយតប និងចុះទៅដល់កន្លែងភ្លាមៗ ដើម្បីដោះស្រាយរាល់បញ្ហាតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ដែលនេះជាការបង្ហាញឲ្យប្រជាពលរដ្ឋលោកមានការជឿជាក់ទៅលើមន្ត្រីនគរបាលយើង។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក យី វណ្ណដា បានថ្លែងបន្តថា ដើម្បីងាយស្រួលដល់ពុកម៉ែបងប្អូន សម្រាប់បញ្ចេញមតិ ឬ សំណូមពរដល់ លោកអធិការ, អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដាក់ប្រអប់សំបុត្រថ្មីនៅតាមប៉ុស្តិ៍រដ្ឋបាលនីមួយៗផងដែរ ដើម្បីរង់ចាំទទួលពាក្យពិតចេញពីបេះដូងរបស់ប្រជាពលរដ្ឋ យកទៅពិនិត្យនិងដោះស្រាយបញ្ហានានា មិនថាបញ្ហាសង្គម ឬបញ្ហាមន្ត្រីនគរបាលឡើយ។
លោកអធិការបានស្នើរដល់បងប្អូនប្រជាពលរដ្ឋ ជួយសហការគ្នាផ្ដល់ព័ត៌មានពិត និងរាយការណ៍បន្ទាន់មកអធិការដ្ឋាន ឬប៉ុស្តិ៍នគរបាលនៅជិតបំផុត នៅគ្រាដែលដឹងថា ទីតាំងណាមានខុសច្បាប់ បញ្ហាផ្សេងៗក្នុងសង្គម ដើម្បីឱ្យនគរបាលចុះទៅដោះស្រាយបញ្ហាចំគោលដៅ និងទាន់ពេលវេលា។
ទន្ទឹមនឹងសារនេះដែរ លោក យី វណ្ណដា បានដាស់តឿនក្រើនរម្លឹកមន្ត្រីនគរបាលទូទាំងក្រុងតាខ្មៅទាំងអស់ ត្រូវគោរពតាមកតព្វកិច្ចខ្លួនឱ្យបានខ្ចាប់ខ្ចួន អនុវត្តន៍នូវគោលនយោបាយទាំង៩ ចំណុចឱ្យបានម៉ឺងម៉ាត់ ពិសេសត្រូវឆ្លើយតបនឹងតម្រូវការ និងការពឹងពាក់របស់ពលរដ្ឋឱ្យក្ដីរីករាយ និងមិនត្រូវបង្កើតបញ្ហាទោមនស្សជាមួយពលរដ្ឋឡើយ ធ្វើយ៉ាងណាឱ្យសក្ដិសម ជាមន្ត្រូនគរបាលជាតិ បំរើជាតិ បំរើពលរដ្ឋអស់ពីចិត្ត៕