(ត្បូងឃ្មុំ)៖ កម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយអធិការដ្ឋាន នគរបាលស្រុក មេមត់ បានចុះចាប់មុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់ ឈ្មោះ ឈុំ ចាន់ថូ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក តាមដីការ ចុះថ្ងៃទី៧ខែ តុលាឆ្នាំ២០១៥ ដែលចេញដោយលោក ឈិត វិនា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកំបាស់ស្រុកឃុំមេមត់ ស្រុកមេមត់ នៅម៉ោង១០៖៤៥នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ដោយក្នុងនោះបានរកឃើញ ថ្នាំញៀនចំនួន៥កញ្ចប់ផដែរ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់មកកម្លាំងបានបន្តឆែកឆេរ បក្ខពួកពីរនាក់ទៀត ដោយទី១-ឈ្មោះ ហុង ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅ ភូមិកំបាស់ ឃុំមេមងស្រុកមេមត់ និងទី២-ឈ្មោះ ម៉ាត់ វិន ភេទប្រុស អាយុ២៦ ឆ្នាំ ជាជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិថ្មី ឃុំពពេលស្រុកពញ្ញាក្រែក ហើយនៅក្នុងការឆែកបក្ខពួកទាំងពីរនាក់នេះ គឺកម្លាំងបានរកឃើញលុយក្លែងក្លាយ១០០ដុល្លារ (២សន្លឹក) និងសម្ភារសម្រាប់ច្រក ជាច្រើនទៀត។
បច្ចុប្បន្នជនទាំង៣នាក់ ត្រូវបានកម្លាំងនាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកមេមត់ និងត្រៀមបញ្ជួនខ្លួន ទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕