(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនមូលដ្ឋាន នាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ០៦គ្រួសារ រស់នៅ២ភូមិ ក្នុងនោះគឺភូមិក្របៅចំនួន ០៤គ្រួសារ និងនៅភូមិតាមុំ ចំនួន០២គ្រួសារ ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋទីទ័លក្រក៏ដូចជាអតីតយុទ្ធជនជួបការលំបាកក្នុងខេត្តកំពង់ធំដោយមិនទុកឱ្យប្រជាពលរដ្ឋ និងអតីតយុទ្ធជនណាម្នាក់ដាច់ ពោះស្លាប់ដោយដឹងហេីយមិនបានដោះស្រាយនោះឡើយ។
លោក សោម ស៊ុន ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយ អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមឱ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្ស និងសូមបងប្អូនជឿជាក់លេីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដឹកនាំឲ្យប្រទេសយេីងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងរីកចម្រើនដូចសព្វថ្ងៃនេះ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រទាំង ៦គ្រួសារនាពេលនេះ ក្នុង០១ គ្រួសារទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មី០១ កេស ទឹកត្រីចំនួន ០១យួរ និងថវិកាមួយចំនួនផងដែរ៕