(សៀមរាប)៖ នៅថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២០នេះ ការដ្ឋានសាងសង់ចំណតរថយន្តមុខផ្សារលើធំថ្មី បាននិងកំពុងដំណើរការចាក់បេតុងបង្ហើយ ដើម្បីរៀបចំចំណតឱ្យបានរួចរាល់ ហើយក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរក្រុងសៀមរាប និងសង្កាត់ស្វាយដង្គុំ បានបន្តចុះកាយស្ដារប្រឡាយ នៅតាមបណ្ដោយផ្លូវមុខសាកលវិទ្យាល័យបៀលប្រាយ ដើម្បីបើកមុខទឹក កុំឱ្យកកស្ទះទឹកកខ្វក់ និងទឹកភ្លៀង។
បើតាមមន្ត្រីសាលាខេត្ត បានឱ្យដឹងថា ក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺជាកិច្ចការដែលត្រូវបានរដ្ឋបាលខេត្ត កំណត់ក្នុងទិសដៅការងារ សម្រាប់ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ ដូច្នេះ បានជានៅថ្ងៃទី២១-២២ ខែមិថុនានេះ ការដ្ឋានសាងសង់ចំណតរថយន្តខាងមុខផ្សារលើធំថ្មី បាននិងកំពុងដំណើរការចាក់បេតុងបង្ហើយ។
កាលពីព្រឹកថ្ងៃទី២០-២១ ខែមិថុនានេះដែរ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរក្រុងសៀមរាប និងសង្កាត់ស្វាយដង្គុំ បានចុះកាយស្ដារប្រឡាយ/លូ នៅតាមបណ្ដោយផ្លូវខាងមុខសាកលវិទ្យាល័យបៀលប្រាយ ដើម្បីបើកមុខទឹកកុំឲ្យកកស្ទះទឹកកខ្វក់ និងទឹកភ្លៀង។
សូមបញ្ជាក់ថា តាមរយៈភ្លៀងធ្លាក់ច្រើននាដើមរដូវនេះ លោកអភិបាលខេត្ត បានចុះពិនិត្យមើលពីស្ថានភាពលូ ប្រឡាយ ផ្លូវទឹក នៅក្នុងក្រុងសៀមរាប ជាមួយនិងក្រុមការងារនៃមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំផែនការក្នុងការស្ដារលូ ប្រឡាយ បញ្ចៀសការកកស្ទះ នៅជំនន់ទឹកភ្លៀងនារដូវវស្សានេះ ហើយលោកអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារមន្ត្រី ជំនាញ អាជ្ញាធរមូលដ្ឋាន បន្តចុះអនុវត្តការងារជាបន្ទាន់ នូវការបូមលូ និងកាយបើកមុខទឹកប្រឡាយនានា ក្នុងក្រុងសៀមរាប ឲ្យបានជាអតិបរមា ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ ខាងរដ្ឋបាលសាលាខេត្ត បានធ្វើសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប ត្រូវវិចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ កុំចោលពាសវាលពាសកាល ដែលបណ្តាលឱ្យកកស្ទះតាមលូ ប្រឡាយ និងប៉ះពាល់បរិស្ថាន សោភ័ណភាពក្រុង ជាដើម ហើយត្រូវចូលរួមអនុវត្ត តាមផែនការរៀបចំសណ្តាប់ធ្នាប់ របស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ផងដែរ៕