(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតថ្មីប្រចំាកម្ពុជា លោក Ermenegildo Kupalopes បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដោយមានករណីឆ្លងតិច និងគ្មានករណីស្លាប់។
ការថ្លែងបែបនេះរបស់លោក ឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ លោក Ermenegildo Kupalopes បានស្នើឱ្យកម្ពុជារឹតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេស ជួយលើជំងឺឆ្លង។
ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ និងរីករាយសហការជានិច្ច ជាពិសេសក្នុងការងារប្រយុទ្ធនឹងជំងឹឆ្លងផ្សេងៗ រួមទាំងជំងឺគ្រុនចាញ់ផងដែរ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសង្ឃឹមថា នៅពេលខាងមុខនេះ ប្រទេសទាំងពីរនឹងមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នា។
ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្តែងនូវអំណរសាទរ ជូនចំពោះឯកអគ្គរដ្ឋទូតថ្មី ដែលទើបត្រូវបានតែងតាំង ឲ្យមកបំពេញបេសកកម្មការទូត នៅលើទឹកដីកម្ពុជា៕