(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ។
ពិធីបុណ្យសពបានប្រារព្ធ នៅគេហដ្ឋាននៃគ្រួសារសព ស្ថិតក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក សេង សាញ់ កាលនៅមានជីវិត ត្រូវបានប្រជាពលរដ្ឋ ស្រឡាញ់និងកោតសរសើរថា ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រើរាស្ត្រដ៏គួរអោយគោរព ប្រកបដោយគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ បំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងបានបំពេញភារកិច្ច ជាចៅសង្កាត់អស់រយៈពេលជាង២០ឆ្នាំកន្លងហើយ។ គុណសម្បត្តិរបស់លោក សេង សាញ់ បានធ្វើឲ្យលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដក់ជាប់នូវមនោសញ្ចេតនាជ្រាលជ្រៅ ព្រោះក្រៅពីស្នាដៃបម្រើពលរដ្ឋ លោក សេង សាញ់ ក៏ធ្លាប់បានទំនាក់ទំនងនិងសហការល្អគ្រប់កិច្ចការងារជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលបច្ច័យចំនួន ១លានរៀល ភេសជ្ជៈ០៨កេស អង្ករ២បាវ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត៕