(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការជួយគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងធ្វើឱ្យទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយគ្មានការឈប់ឈរ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរកំពុងប្រគៀកស្មាគ្នាក្នុងកិច្ចការពារមេរោគកូវីដ១៩នោះ។
ការលើកឡើងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់ជូនជំនួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ១៩ របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ពោលគឺទាំងរដ្ឋាភិបាល ទាំងបក្ស និងទាំងក្រសួងសន្តិសុខសាធារណៈ ដែលតែងតែបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជា តាមគ្រប់លទ្ធភាព។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអរគុណ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការប្រឹងប្រែងទទួលបានជ័យជំនះយ៉ាងត្រចាស់ត្រចង់លើការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបានមានប្រសាសន៍ទៀតថា សម្ភារដែលមិត្តចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជា ដែលជាមិត្ត ដើម្បីចូលរួមប្រយទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
តាមរយៈ លោកឯកអគ្គរដ្ឋទូត សម្ដេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួងសន្តិសុខសាធារណៈចិន ជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសនៅលើវិស័យសន្តិសុខ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរដែរ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួង។
ជាមួយគ្នានេះដែរ លោក វ៉ាង វិនធាន បានថ្លែងអំណរគុណជូន សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងបាននាំមកនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំចិន ព្រមទាំងលោក ចាវ ឃឺជឺ ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមាចនិតចិន ជូនចំពោះសម្ដេចក្រឡាហោម។
លោកបានឱ្យដឹងថា ទោះបីជាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការជាប្រក្រតី និងបន្តមានវឌ្ឍនភាពល្អប្រសើរ ពិសេសឆ្លុះបញ្ចាំង តាមរយៈការរួមចំណែករបស់ព្រះមហាក្សត្រកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភនូវធនធាន រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ នៅពេលជំងឺនេះបានចាប់ផ្ដើមកើតមានជាលើកដំបូង។
លោក វ៉ាង វិនធាន បានថ្លែងថា សម្ភារប្រគល់ជូនក្រសួងមហាផ្ទៃនៅពេលនេះ ថ្វីដ្បិតតែមានចំនួនមិនច្រើន ប៉ុន្តែលោកសូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដែលថាជំនួយសម្ភារៈទាំងនេះ បានស្ដែងពីទឹកចិត្តរបស់ប្រជាជនចិន និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះប្រជាជន និងក្រសួងមហាផ្ទៃកម្ពុជា។
លោក វ៉ាង វិនធាន បានរំឮកថា ក្នុងរយៈពេលមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ ពិតជាទទួលបាននូវលទ្ធភាពល្អប្រសើរ ទោះបីជាប្រទេសទាំងពីរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ហើយថាការសម្រេចបានលទ្ធផលល្អប្រសើរនេះ លោកក៏សូមថ្លែងអំណរគុណចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងកិច្ចការនេះ។
លោកសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងបំរើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ លើវិស័យថែរក្សាសន្តិសុខទៅអនាគត។
សូមបញ្ជាក់ថា សម្ភារការពារជំងឺកូវីដ១៩ ដែលក្រសួងសន្តិសុខសាធារណៈប្រគល់ជូនក្រសួងមហាផ្ទៃកម្ពុជា នាឱកាសនេះ រួមមាន វែនតាវេជ្ជសាស្រ្តចំនួន៥០០ឈុត, ស្រោមដៃពេទ្យចំនួន១០០០០គូ, ម៉ាស់ KN95 ចំនួន១០,០០០ម៉ាស់, ម៉ាស់វេជ្ជសាស្រ្តចំនួន ៥០០០០ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន ៥០០ឈុត។ សម្ភារទាំងនេះមានតម្លៃប្រមាណ ៦សែនយ៉ន់ ឬស្មើនឹងប្រមាណ ៨ម៉ឺន ៥ពាន់ដុល្លារ៕