(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ជំនួយការរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ញើលិខិតមួយច្បាប់មកកាន់អង្គភាព Fresh News ដែលជាលិខិតឆ្លើយតបទៅនឹងសំណើរលើកទី២ របស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា។ ដោយលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា លោកទទួលស្គាល់ថា មានពេទ្យដែលប្រកបអាជីពដោយសមត្ថភាព និងក្រមសីលធម៌ល្អជាច្រើន ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
ដោយទង្វើនេះ អាចបង្ហាញថា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ទន់ចរិយាបទខ្លះ ក្រោយគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យមានការសុំទោស(លិខិតលើកទី២)។
សូមជំរាបថា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា «គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នៅតែយល់ឃើញថា ទោះជាចេតនាក្តី អចេតនាក្តី ទង្វើរបស់លោកបាន បង្កការ ខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា និងរបស់វិជ្ជាជីវៈសុខាភិបាលទាំងមូល។ គណៈវិជ្ជាជីវៈ សុខាភិបាលកម្ពុជា នៅតែទាមទារឲ្យលោក គួច ម៉េងលី សុំទោសជាសាធារណៈឲ្យស័ក្តិសម ជាគ្រូពេទ្យដែលមានវិជ្ជាជីវៈ មានសីលធម៌មួយរូប។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា នឹងរក្សាការទាមទារនេះ នៅក្នុងកំណត់ត្រាប្រតិបត្តិវិជ្ជាជីវៈ ផ្ទាល់ខ្លួនរបស់លោក ដរាបណាលោកមិន ទាន់បំពេញបានត្រឹមត្រូវ»។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកសាលារៀនអន្តរទ្វីបអាមេរិកកាំង បានបញ្ជាក់នៅលើលិខិតផ្លូវការរបស់លោក ផ្ញើជូនគណៈវិជ្ជាជីវៈកម្ពុជា មានន័យយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា អ្វីដែលខ្ញុំបានលើកឡើង គឺផ្អែកលើការជួបប្រទះផ្ទាល់ខ្លួននូវស្ថានភាពមួយចំនួនរបស់ខ្ញុំកន្លងមក។ ខ្ញុំពុំបានរំពឹងថា ការបកស្រាយពីការជួបប្រទះផ្ទាល់ខ្លួននេះបណ្តាលឲ្យប៉ះពាល់ ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នោះទេ។ យ៉ាងណាមិញ ខ្ញុំទទួលស្គាល់ថា មានពេទ្យដែលប្រកបអាជីពដោយសមត្ថភាព និងក្រមសីលធម៌ល្អជាច្រើនដែលបាន និងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរយើង»៕