(កោះកុង)៖ រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ ការពារធម្មជាតិនានាដែលកម្ពុជាមាននៅសេសបរិមាណច្រើន។
នេះគឺជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដែលលោក និងប្រតិភូក្រសួងបរិស្ថានចុះ ពិនិត្យការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
ដែនជម្រកសត្វព្រៃតាតៃ ដែលត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថាន គូសបញ្ជាក់ថា ជាទីតាំងមួយ ក្នុងចំណោមទីតាំង៣ ដែលកម្ពុជាលក់កាបូនបាន ក្នុងនោះក៏មានដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
លោកបានគូសបញ្ជាក់ថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។ «ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។
អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ មានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូនបានបន្ថែមទៀត ក្នុងឆ្នាំបន្តបន្ទាប់។ លោកបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១,២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការ ផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាមានទិសដៅប្រែក្លាយតំបន់ការពារ ធម្មជាតិទៅជាតំបន់ទេសចរណ៍ធម្មជាតិ បង្កើនសក្តានុពលទេសចរណ៍ និងធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើ ឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់ សហគមន៍របស់ពលរដ្ឋផងដែរ៕