(ព្រះវិហារ)៖ សត្វត្មាតធ្លាប់តែមានវត្តមានច្រើននៅប្រទេសកម្ពុជា ប៉ុន្តែដោយសារតែសកម្មភាពបំផ្លាញរបស់មនុស្ស កង្វះចំណីអាហារ និងកត្តាអាកាសធាតុផងនោះ បានធ្វើឱ្យសត្វស្លាបកម្រប្រភេទនេះបាត់បងស្ទើរតែផុតពូជចេញពីពិភពលោកយើងនេះ ខណៈមជ្ឈដ្ឋានអន្តរជាតិបានវាយតម្លៃថា កម្ពុជាជាប្រទេសដែលនៅសេសសល់សត្វត្មាតច្រើនជាងគេ ក្នុងចំណោមប្រទេសដែលមានវត្តមានសត្វត្មាតរស់នៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះបានឱ្យដឹងថា សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃទូទាំងប្រទេសកម្ពុជាមានចំនួនសរុប ១១៩ ក្បាល ក្នុងនោះមានត្មាតភ្លើងចំនួន ១១ ក្បាល ត្មាតប្រផេះចំនួន ៧១ ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។
វត្តមានសត្វត្មាទាំង ១១៩ ក្បាលនេះត្រូវបានរកឃើញនៅ៖
* ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ៣៤ ក្បាល (ត្មាតភ្លើង ៣ ក្បាល ត្មាតផេះ ២២ ក្បាល និងត្មាតត្នោត ៩ ក្បាល)។
* ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨១ ក្បាល (ត្មាតភ្លើង ៤ ក្បាល ត្មាតផេះ ៤៩ ក្បាល និងត្មាតត្នោត ២៨ ក្បាល)
* ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ៤ ក្បាលទៀត។ ចំណែកនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តក្រចេះ មិនមានវត្តមានសត្វត្មាតនោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា សត្វត្មាតអាចនឹងមានចំនួនច្រើនជាងនេះទៀត។
លោក នេត្រ ភក្ត្រា បានបន្តថា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លងទៅ បានបង្ហាញថាកម្ពុជាមានសត្វត្មាតចំនួន ១៣៧ ក្បាល បើប្រៀបធៀបនឹងឆ្នាំ២០២០នេះ មានការថយចុះចំនួន ១៨ ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។
វត្តមានសត្វត្មាតទាំងបីប្រភេទនេះ បានទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរបរទេសយ៉ាងច្រើន និងបានផ្ដល់នូវផលប្រយោជន៍ផ្នែកអេកូទេសចរណ៍ដល់ប្រជាសហគមន៍ជាប្រចាំ ក្នុងនោះសហគមន៍ការពារធនធានធម្មជាតិដងផ្លិត ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប ក៏បានចូលរួមបម្រើសេវាកម្មអេកូទេសចរណ៍នេះផងដែរ។ សហគមន៍ដងផ្លិតនេះមានទីតាំងស្ថិតនៅឃុំឫស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។
ក្រោកពីម៉ោង ៣ ទៀបភ្លឺចេញពីក្រុងព្រះវិហារ ក្រុមការងារធ្វើជំរឿន និងព័ត៌មានអំពីសត្វត្មាតដែលមានសមាភាពពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រុមឧទ្យានុរក្ស ប្រជាសហគមន៍ មន្ត្រីគម្រោងព្រៃឡង់បៃតងរបស់អង្គការ USAID ក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវចម្រុះ (ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) រួមជាមួយក្រុមអ្នកសារព័ត៌មានផងនោះ បានរួមដំណើរជាមួយគ្នាឆ្ពោះទៅកាន់ដែនជម្រកសត្វព្រៃឆែប។ ប្រសិនបើចេញទៅពេលថ្ងៃ អាចធ្វើឱ្យត្មាតផ្អើលមិនអាចចុះឱ្យយើងឃើញឡើយ ពោលគឺទាល់តែរួតរះទៅចាំមុនថ្ងៃរះ និងមុនពេលវាចេញពីទ្រនំ ហើយត្រូវពួននៅក្នុងរោងទស្សនាយ៉ាងស្ងប់ស្ងាត់បំផុត ទើបវាអាចចុះស៊ីចំណីឱ្យយើងមើលឃើញបាន។ ដើម្បីទាក់ទាញឱ្យសត្វត្មាតចុះបាន ប្រជាសហគមន៍បានដឹកសាកសពគោមួយក្បាល យកទៅដាក់នៅទីវាលអាហារដ្ឋានរបស់ត្មាតតាំងពីយប់ ពីព្រោះមិនអាចដាក់នៅពេលថ្ងៃបានឡើយ ដោយសារខ្លាចក្រែងត្មាតឃើញមានមនុស្សនៅកន្លែងនោះ វានឹងមិនចុះមកស៊ីគម្រង់សាកសពដែលបានដាក់នោះឡើយ។
អនុវត្តតាមផែនការ ក្រុមការងារបានទៅដល់អាហារដ្ឋានត្មាតតាំងពីម៉ោង ៥ ទៀបភ្លឺ ហើយរង់ចាំអស់ពេលយ៉ាងយូរ បានត្រឹមតែឃើញសត្វត្មាតប៉ុន្មានក្បាលទំលើដើមឈើនៅឆ្ងាយពីកន្លែងដាក់សាកសពគោ រហូតដល់ម៉ោង ៧ ព្រឹក ក៏វានៅតែមិនទាន់ចុះស៊ីអាហារដែលគេដាក់ឱ្យនោះទៀត។ មន្ត្រីឧទ្យានុរក្សដែលដឹងពីការរស់នៅរបស់ត្មាតបានប្រាប់ថា ទោះបីវាឃើញគម្រង់សាកសពហើយក៏ដោយ ក៏វាមិនងាយចុះមកស៊ីនោះដែរ ពោលគឺវាមានការប្រុងប្រយ័ត្នខ្លាំងណាស់ លតែមានការសង្ស័យអ្វីមួយ មិនងាយនឹងឱ្យវាចុះពីដើមឈើទ្រនំនោះឡើយ។ ប៉ុន្តែប្រសិនបើមានសត្វណាមួយចុះមកស៊ីមុន វានឹងហើរចុះមកស៊ីតាមក្រោយ សំខាន់អ្នកទស្សនាត្រូវរក្សាភាពស្ងៀមស្ងាត់បំផុត មិនអាចរំខានដោយសំឡេង ឬសកម្មភាពដែលឱ្យវាដឹងថាមានមនុស្សនៅជិតនោះឡើយ។ អ្នកអភិរក្សបានបន្តថា កាលណាតែវាបានចុះស៊ីអាហារកំពុងឆ្ងាញ់ហើយនោះ យើងអាចទស្សនា ថតរូបភាពរបស់វាបានតាមចិត្ត។
ក្រុមការងារបានអត់ធ្មត់រង់ចាំបន្តរហូតដល់ម៉ោងជិត ៨ ទើបមានពពួកក្អែកពីរបីក្បាលចុះមកស៊ីសាកសពគោនោះមុន ដែលមានចម្ងាយពីរោងទស្សនាប្រមាណ ២០០ ម៉ែត្រ។ លុះបន្តិចក្រោយមក ទើបពពួកត្មាតត្នោតដែលមានចំនួនភាគច្រើន និងត្មានប្រផេះចុះមកស៊ីអាហារដ៏ឆ្ងាញ់សម្រាប់ថ្ងៃធ្វើជំរឿននោះ បន្ទាប់មកពពួកត្មាតភ្លើងដែលមានចំនួនភាគតិចក៏បានហើរចុះមកបន្តតាមក្រោយ ដោយសារត្មាតភ្លើងមានការប្រុងប្រយ័ត្នជាងប្រភេទត្មាតដទៃ។
ម៉ាស៊ីនថតរូបរបស់ក្រុមការងារបានផ្ដិតយករូបភាពរៀងៗខ្លួនយ៉ាងត្រេកអរក្រៃលែង រីឯក្រុមធ្វើជំរឿនក៏ប្រឹងផ្ចង់តម្រង់ខ្សែភ្នែកតាមរយៈឧបករណ៍ឆ្លុះមើលសត្វ ឬតេឡេស្កុប រាប់ចំនួនសត្វកម្រលើមាតុភូមិយើងយ៉ាងយកចិត្តទុកដាក់។
ថ្វីដ្បិតកំពុងឆ្ងាញ់មាត់នឹងអាហារនេះក៏ដោយ ប៉ុន្តែសត្វត្មាតហាក់កំពុងមានការប្រុងប្រយ័ត្នចំពោះបរិវេណជុំវិញ។ មួយសន្ទុះធំក្រោយមក អាហារក៏រាងស្បើយក្រពះក៏ឆ្អែត សត្វត្មាតក៏ឈប់សម្ងំនៅក្បែរគម្រង់អន្លើសិន។ រីឯក្រុមធ្វើជំរឿនយើងក៏បានរាប់ឃើញសត្វត្មាតទាំងអស់នោះមានចំនួន ៣៤ ក្បាល ក្នុងនោះមានត្មាតភ្លើងចំនួន ៣ ក្បាល ត្មាតប្រផេះចំនួន ៩ ក្បាល និងត្មាតត្នោតចំនួន ២២ ក្បាល នៅដែនជម្រកសត្វព្រៃស្រុកឆែបនេះ។
លោក នង រួន ប្រជាសហគមន៍ការពារធនធានធម្មជាតិដងផ្លិត បានឱ្យដឹងថា សហគមន៍នេះត្រូវបានឡើងនៅឆ្នាំ២០០៤ លើផ្ទៃដីចំនួន ២,៤០០ ហិកតា ហើយនៅឆ្នាំ២០០៨ ទើបសហគមន៍បានបញ្ចូលសេវាកម្មអេកូទេសចរណ៍បន្ថែម ដើម្បីទទួលបានកម្រៃបន្ថែមពីការរកអនុផលព្រៃឈើ ការធ្វើស្រែចម្ការ និងចិញ្ចឹមសត្វជាដើម។
សម្រាប់ភ្ញៀវបរទេសដែលទៅទស្សនាសត្វព្រៃនៅសហគមន៍ដងផ្លិត ត្រូវចំណាយលើការទិញសាកសពគោពីអ្នកភូមិ ដើម្បីដាក់ឱ្យត្មាតចុះស៊ី ដោយគោមួយក្បាលមានតម្លៃចាប់ពី ១,៦០០,០០០ រៀលដល់ ២,០០០,០០០ រៀល។ ក្រៅពីនេះ ភ្ញៀវត្រូវចំណាយលើសេវាកម្មម្ហូប អាហារ ១០ ដុល្លារ ចុងភៅ ៨ ដុល្លារ មគ្គុទ្ទេសក៍ទេសចរណ៍ ១០ ដុល្លារ និងសេវាស្នាក់ផ្សេងទៀតផងដែរ។
ថ្វីដ្បិតការធ្វើជំរឿនសត្វត្មាតនាពេលនោះ ឃើញមានតែ ៣៤ ក្បាលក៏ពិតមែន ប៉ុន្តែលោក នង រួន បានបញ្ជាក់ថា កាលពីសហគមន៍ចុះរាប់នៅខែកុម្ភៈដើមឆ្នាំ២០២០ កន្លងទៅ ឃើញមានត្មាតដល់ទៅ ៩៣ ក្បាលឯណោះ ពោលគឺមានការកើនឡើងជាងឆ្នាំ២០១៩ ដែលឃើញមានតែ ៦០ ក្បាល (កើន ៣៣ ក្បាល)។
គួរជម្រាបថា សកម្មភាពអភិរក្សធនធានធម្មជាតិ និងសកម្មភាពអេកូទេសចរណ៍នៅសហគមន៍ដងផ្លិតនេះ ក៏ទទួលបានការជួយជ្រោមជ្រែងពីគម្រោងព្រៃឡង់បៃតងរបស់អង្គការ USAID ផងដែរ ដោយអង្គគម្រោងបានជួយឧបត្ថម្ភជាសម្ភារៈចុះល្បាតមួយចំនួន ជួយជាថវិកាដល់ប្រជាសហគមន៍ដែលចុះល្បាតព្រៃ ជួយទំនាក់ទំនងជាមួយទីផ្សារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ឱ្យនាំភ្ញៀវទេសចរមកទស្សនាសត្វព្រៃនៅក្នុងសហគមន៍ជាដើម។
លោក ឈិត សំអាត ប្រធានគម្រោងព្រៃឡង់បៃតង បានបន្តថា គម្រោងព្រៃឡង់បៃតងនៅតែសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍ដងផ្លិត ព្រមទាំងបន្តជួយឧបត្ថម្ភសម្ភារៈចុះល្បាតបន្តទៀត ដើម្បីឱ្យការអភិរក្សធនធានធម្មជាតិបន្តមាននិរន្តរភាពទៅមុខ ពិសេសអាចជំរុញឱ្យប្រជាសហគមន៍អាចអនុវត្តការងារទាំងអម្បាលម៉ាននេះដោយខ្លួនឯងបាន នៅពេលផុតសុពលភាពគម្រោង។
លោក ឈិត សំអាត បានព្រមានដែរថា នៅពេលជម្រកសត្វព្រៃត្រូវបានបាត់បង់ សត្វព្រៃទាំងឡាយក៏អាចនឹងត្រូវបាត់បង់ទៅតាមក្រោយដែរ ហើយនៅពេលគ្មានព្រៃឈើ គ្មានសត្វព្រៃ ច្បាស់ណាស់ថាភ្ញៀវទេសចរនឹងគ្មានផលិតផលទេសចរណ៍សម្រាប់ទស្សនា ហើយពួកគេនឹងលែងចូលមកទស្សនានៅទីនេះតទៅទៀត ដល់ពេលនោះប្រជាពលរដ្ឋនឹងបាត់ចំណូលពីការបម្រើសេវាកម្មទេសចរណ៍នេះជាក់ជាមិនខាន។
បើតាមលោក នង រួន ដែលតំណាងឱ្យប្រជាសហគមន៍ដងផ្លិតទាំងមូល បានបង្ហាញពីបំណងប្រាថ្នាចង់ឱ្យភ្ញៀវទេសចរជាតិអញ្ជើញទៅទស្សនាសត្វព្រៃ សត្វកម្រ ពិសេសគឺសត្វត្មាតនៅក្នុងសហគមន៍របស់ខ្លួនខ្លាំងណាស់ ពីព្រោះកន្លងមកឃើញមានតែភ្ញៀវបរទេសទេ ដែលតស៊ូទាំងថ្ងៃទាំងយប់មកទស្សនាសត្វកម្រនៅទីនោះ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងឡាយ សូមបញ្ឈប់ការកាប់ទន្ទ្រានព្រៃឈើ ការដាក់អន្ទាក់ចាប់សត្វព្រៃជាដើម ព្រោះអាចនាំទៅដល់ការវិនាសហិនហោចធនធានធម្មជាតិយ៉ាងខ្លាំង៕