(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST១ខ្សែនៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំ ប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។
លោកអភិបាលខេត្ត បានបន្តថា «ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញសេដ្ឋកិច្ចខ្ពស់ នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូន ប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ»។
នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវ ផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាម ផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង៥២០០ម៉ែត្រ ទទឹង២៥ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕