(មណ្ឌលគិរី)៖ លោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី បានក្រើនរំលឹកមន្រ្តីអាវុធហត្ថទាំងអស់ឲ្យខិតខំធ្វើការអនាម័យ ឲ្យបានត្រឹមត្រូវ ខិតខំដាំដំណាំ រួមផ្សំ ចិញ្ចឹមសត្វ និងចូលរួមធ្វើការផ្សព្វផ្សាយដល់ស្រទាប់ប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ការជំរុញបែបនេះនៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
លោក ហែម បូណារ៉ែល បានជំរុញឲ្យមន្រ្តីកងកម្លាំងអាវុធហត្ថទាំងអស់ខិតខំ ធ្វើអនាម័យខ្លួនឯង ក្រុមគ្រួសារ និងអង្គភាពផងដែរ ព្រមទាំងចូលរួមផ្សពផ្សាយដល់ប្រជាពលរដ្ឋយល់ដឹង ពីវិធីការពារជំងឺឆ្លងកូវីដ១៩ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា លាងសម្អាតដៃឲ្យស្អាត និងសាប៊ូ អាល់កុល និងជែលរស់នៅមានគម្លាតបុគ្គល និងគម្លាតសង្គមជាដើម។
ជាងនេះទៅទៀត លោកមេបញ្ជាការអាវុធហត្ថក៏បានធ្វើជំរុញ ថែមទៀតឲ្យកងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវចេះបង្កើនការដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វផងដែរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារឈានទៅកាត់បន្ថយភាពក្រីក្រ។
លោកមេបបញ្ជាការអាវុធហ្ថខេត្ត បានផ្តាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថដែលត្រូវបានដំឡើងឋានន្តរស័ក្តិនាថ្ងៃសរុបចំនួន៦២ នាក់នាពេលនេះធ្វើយ៉ាងណាគោរពវិន័យ និងបញ្ជារបស់អង្គភាព និងថ្នាក់លើសហការជាមួយអង្គភាពផ្សេងៗ ឲ្យមានភាពល្អប្រសើរធ្វើការបំរើប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ បម្រើអង្គភាព និងសង្គមដើម្បីឲ្យសាកសមនិងតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ។
ការតែងតាំងមន្រ្តីនាថ្ងៃនេះ មានថ្នាក់ វ.ទោ ចំនួន ០៣នាក់, វ.ត្រី ចំនួន ០៨នាក់, អ.ឯក ចំនួន០៦នាក់ អ.ទោ ចំនួន ០២នាក់ អ.ត្រី ចំនួន ២៧នាក់ ន.ច ចំនួន ០១នាក់ ព្រិន្ទបាលទោ ចំនួន១៥នាក់៕