(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី «Smart Hospital» នៅមន្ទីរពេទ្យព្រះអង្គឌួង ដំបូងគេនៅកម្ពុជា។
Smart Hospital ជាប្រព័ន្ធគ្រប់គ្រងបែបឌីជីថល មាននៅលើទូរស័ព្ទដៃ ដោយទាញយកកម្មវិធី e-Health Yoeung ឬប្រើជាបណ្ណ (e-Health Card) ដែលកម្មវិធីនេះ សម្រាប់បញ្ជាក់ពីប្រវត្ដិអ្នកជំងឺដែលធ្លាប់មក ពិនិត្យសុខភាពកន្លងមមក។ ក្នុងនោះអ្នកជំងឺខ្លួនឯងផ្ទាល់ ក៏អាចគ្រប់គ្រងទិន្ន័យរបស់ខ្លួន យ៉ាងងាយស្រួល គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសពេលជួបណាត់ពេទ្យលើកក្រោយ មិនចាំបាច់កាន់ឯកសារ ប្រវត្ដិជំងឺរបស់ខ្លូនទៅជាមួយនោះទេ។
រដ្ឋមន្ដ្រី ម៉ម ប៊ុន ហេង បានថ្លែងថា «ដើម្បីអភិវឌ្ឍន៍ការគ្រប់គ្រងប្រវត្ដិអ្នកជំងឺ និងគ្រូពេទ្យរបស់យើង ឱ្យកាន់តែងាយស្រួល រហ័ស ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសុក្រិតនៅថ្ងៃនេះ ក្រសួងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមន្ទីរពេទ្យឌីជីថល Smart Hospital នៅមន្ទីរពេទ្យព្រះអង្គឌួង ដំបូងគេនៅកម្ពុជា និងបន្ដបន្ទាប់ទៀត នឹងមាននៅតាមមន្ទីរពេទ្យផ្សេងទៀតនៅទូទាំងប្រទេស»។
រដ្ឋមន្ត្រីថ្លែងបន្តថា «ប្រព័ន្ធបែប ឌីជីថលនេះ អ្នកជំងឺ អាចធ្វើការណាត់ជួបពេទ្យបាន ជាមួយគ្រូពេទ្យមួយណា ម៉ោងប៉ុន្មាន និងមិនរង់ចាំយូរ ឬខកខានការជួបណាត់។ ជាងនេះទៅទៀត ប្រព័ន្ធនេះ នឹងជួយរំលឹកពេលវេលា ថាត្រូវជួបពេទ្យនៅពេលណាដោយស្វ័យប្រវត្ដិ ព្រមទាំងទទួលបានព័ត៌មាននានាពីក្រសួងសុខាភិបាល»។
កម្មវិធីព័ត៌មានសុខភាព នៅលើទូរស័ព្ទដៃ និងលើកកាតបែបឌីជីថលនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ កាន់តែកាតនេះមក នឹងដឹងប្រវត្ដិនៃជំងឺរបស់ខ្លួនកន្លងមក ជូនដល់មន្ទីរពេទ្យ ដោយមិនពិបាករក្សា និងខ្លាចបាត់បង់ឯកសារ និងចំណាយពេលយូរពេលពិភាក្សាជាមួយគ្រូពេទ្យ។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងឱ្យដឹងថា « Smart Hospital ពិតជាមានសារៈប្រយោជន៍ និងភាពងាយស្រួល ដោយអ្នកជំងឺអាចណាត់ជាមួយគ្រូពេទ្យនិងរំលឹកការណាត់ជួប និងដឹងពីប្រវត្ដិជំងឺរបស់ខ្លួន សម្រាប់ គ្រូពេទ្យក៏ងាយស្រួលពន្លឿនការងារបន្ថែមមួយកម្រិតទៀតផងដែរ ក្នុងការគ្រប់គ្រងប្រវត្ដិអ្នកជំងឺទាំងអស់»។
ក្នុងឱកាសនោះដែរ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន First Womentech Asia ដែលជាអ្នកផលិតកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល នេះ បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រព័ន្ធនេះ នឹងជួយឱ្យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងទិន្នន័យសុខភាពរបស់អ្នកជំងឺ មានភាពងាយស្រួលដូចនឹងបណ្ដាប្រទេសផ្សេងៗទៀត ក្នុងការគ្រប់គ្រងទៅលើសេវាព្យាបាលអ្នកជំងឺកាន់រហ័ស និងមានប្រសិទ្ធិភាព៕