(ព្រះវិហារ)៖ នាយ នាយរង និងពលអាវុធហត្ថជាច្រើនរូប នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានបំពាក់ឋានន្តរសក្កិ ប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងប្រគល់បណ្ណ័សរសើរ លិខិតសរសើរជាការលើកទឹកចិត្ត ចំពោះការខិតខំអនុវត្តតួនាទី ភារកិច្ចកន្លងមក ក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ នាយការិយាលយ័ មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថតាមក្រុង ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ ព្រមទាំងមន្ត្រី និងពលអាវុធហត្ថជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងនូវការចូលរួមអបអរសារទរ ចំពោះនាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលមានឱកាស ត្រូវបានបំពាក់ឋានន្តរសក្កិ តែងតាំងផ្លាស់ប្តូរមុខងារ និងជូនបណ្ណ័សរសើរ លិខិតសរសើរនៅពេលនេះ។
លោកមេបញ្ជាការ បានថ្លែងបញ្ជាក់ថា ការទទួលបានការបំពាក់ឋានន្តរសក្កិ ការតែងតាំងផ្លាស់ប្តូរមុខងារ និងការជូនបណ្ណ៍សរសើរ លិខិតសរសើរនៅពេលនេះ គឺជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់នាយ នាយរង និងពលអាវុធហត្ថ ដែលបានខិតខំប្រប្រែងអនុវត្តតួនាទីភារកិច្ចកន្លងមក ទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានណែនាំឲ្យមន្ត្រី និងពលអាវុធហត្ថគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបាន តាមបទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិសេសត្រូវការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៍ ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន និងតាមបទបញ្ជាថ្នាក់លើប្រគល់ឲ្យ លើការងារបង្ការ បង្ក្រាប សង្រ្គោះ និងសន្តិសុខ សណ្តាប់សង្គម៕