(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង

គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនរួយហ្វេងធានហ្វូ អ៊ិនវេសម៉ិន ឯ.ក ស្តីពី «ការពិគ្រោះយោបល់ និងការគាំទ្រផ្នែកបច្ចេកទេស សម្រាប់ការអភិវឌ្ឍទីផ្សារខុម៉ូឌីធី នៅកម្ពុជា»

ការអភិវឌ្ឍទីផ្សារខុម៉ូឌីធី គឺជាទីផ្សារលក់ដុំ នូវផលិតផលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលផ្សារភ្ជាប់ជាមួយទីផ្សារអនាគត (លក់ផលិតផលនៅអនាគត ក្នុងពេលបច្ចុប្បន្ន។ ឧទាហរណ៍៖ លក់ស្រូវ១០តោនពេលនេះ តែស្រូវនឹងបានបន្ទាប់ពីប្រមូលផលបាននាពេល៦ខែទៀត)។

ពិធីនេះបានធ្វើឡើងរវាងលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក Chen Xin អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនរួយហ្វេងធានហ្វូ អ៊ិនវេសម៉ិន ឯ.ក ដោយមានការចូលពីសំណាក់លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ជា សំណាង ប្រធានខុទ្ទកាល័យលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី, លោក Wang Dong នាយកប្រតិបត្តិ Tianfu Management (Group) Co.,Ltd និងលោកឧកញ៉ា CAO YUNDE ប្រធានក្រុមហ៊ុន Khmer Holding Group និងជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹមឆៃលី ដែលធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។

លោក ស៊ូ សុជាតិ បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការពិគ្រោះយោបល់ និងការគាំទ្រ ផ្នែកបច្ចេកទេសសម្រាប់ការ-អភិវឌ្ឍទីផ្សារខុម៉ូឌីធី និងទីផ្សារអនាគតនៅកម្ពុជា» ជាមួយក្រុមហ៊ុនរួយហ្វេងធានហ្វូ អ៊ិនវេសម៉ិន ឯ.ក គឺជាថ្ងៃប្រវត្តិសាស្រ្តមួយផ្សេងទៀត ក្នុងវិស័យមូលបត្រនៅកម្ពុជា និងជាការបោះជំហានដ៏ធំមួយនៅក្នុងការអភិវឌ្ឍទីផ្សារអនាគតនៅកម្ពុជា ក៏ដូចជា ការចូលរួមជំរុញនូវភាពជោគជ័យ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា តាមរយៈការចាប់ផ្តើមសិក្សាស្រាវជ្រាវពីការអភិវឌ្ឍនូវទីផ្សារខុម៉ូឌីធី នៅកម្ពុជា។

លោក ស៊ូ សុជាតិ បានបន្តថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជានាពេលបច្ចុប្បន្ននេះ កម្ពុជាមានផលិតផលចំនួន៣ ដែលកំពុងដាក់ឱ្យដំណើរការជួញដូរ ក្នុងនោះរួមមាន៖ មូលបត្រកម្មសិទិ្ធ (ភាគហ៊ុន), មូលបត្របំណុល (សញ្ញាបណ្ណ) និងឧបករណ៍និស្សន្ទ ខណៈដែលទីផ្សារមូលបត្រអនាគត គឺជាផលិតផលមួយដ៏សំខាន់ដែលត្រូវបានកំណត់ នៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងមធ្យមរបស់ គណៈកម្មការមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ បានបង្ហាញក្តីរំពឹងថា វត្តមានរបស់ទីផ្សារខុម៉ូឌីធី និងទីផ្សារអនាគត ពិតជាមានភាពចាំបាច់ណាស់សម្រាប់ប្រជាកសិករកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូលដោយទីផ្សារនេះ នឹងផ្តល់ជាច្រកមួយ សម្រាប់ប្រជាកសិករកម្ពុជាផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលអាចទទួលបាននូវព័ត៌មាន ពិតអំពីទីផ្សាររួមមាន តម្រូវការ និងយន្តការនៃការកំណត់ថ្លៃផលិតផលកសិកម្ម ប្រជាកសិករកម្ពុជានឹងក្លាយ ជាអ្នកកំណត់ថ្លៃផលិតផល ដែលពួកគាត់អាចដឹងអំពីតម្រូវការនៃគុណភាព និងស្តង់ដារនៃផលិតផលនៅក្នុងទីផ្សារ ដែលការណ៍នេះក៏នឹងជួយជំរុញនូវគុណភាពផលិត-ផលរបស់កម្ពុជា ក៏ដូចជាយន្តការមួយដែលអាចជួយគាំពារ និងអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងការកាត់បន្ថយ ឬលុបបំបាត់ហានិភ័យចំពោះការធ្លាក់ចុះ នៃថ្លៃផលិតផលកសិកម្មរបស់កសិករកម្ពុជា ព្រមទាំងអាចលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើងផងដែរ។

បន្ថែមពីនេះ វត្តមាននៃទីផ្សារនេះនឹងជួយទាក់ទាញ នូវវិនិយោគិនបរទេសផ្សារភ្ជាប់ទីផ្សារកម្ពុជា ទៅនឹងទីផ្សារពិភពលោក ដែលនឹងជួយឱ្យមានភាពប្រសើរឡើង ក្នុងផ្នែកសមតុល្យពាណិជ្ជ-កម្មកម្ពុជា លើកកម្ពស់នូវវិស័យឧស្សាហកសិកម្ម ដែលអាចជំរុញបង្កើននូវផលិតផល និងផលិតកម្មក្នុងការផលិតក្នុងស្រុក និងសម្រាប់នាំចេញដែលទាំងនេះ ក៏នឹងជួយដល់ការកាត់បន្ថយអត្រានិកម្មភាពនៅកម្ពុជា និងកាត់បន្ថយនូវភាពក្រីក្រ ដូចដែលបានគូសបញ្ជាក់អម្បាញ់មិញនេះ។

លោក ឈិន ស៊ីន បានថ្លែងថា ការចុះ MoU គ្នាជាមួយគណៈកម្មការមូលបត្រកម្ពុជានា ឱកាសនេះ ដោយសារតែប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការជំរុញនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ ដូច្នេះហើយក្រុមហ៊ុនលោកនឹងបង្កើតជាអាជីវកម្មគំរូនៅអាស៊ីអាគ្នេយ៍ និងជំរុញទីផ្សារកម្ពុជា ឱ្យក្លាយជាទីផ្សារអន្តរជាតិបង្កើតបានជាផ្សារទំនិញដ៏លេចធ្លោ និងមានរបៀបរាប់រយ។

លោកបានបន្តថា ជាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគ្រាសលើវិស័យចម្បងទាំងនេះ ដើម្បីផ្តល់ការគាំទ្រ និងចូលរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនការងារជូនប្រជាជនកម្ពុជា សម្រេចឱ្យបាននូវគោលការណ៍ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសកម្ពុជា-ចិន។

លោក ឈិន ស៊ីន បានឱ្យដឹងថា ក្រុមហ៊ុនលោកគ្រោងនឹងវិនិយោគទឹកប្រាក់២០០លានដុល្លារ សម្រាប់ដំណាក់កាលដំបូង៕