(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងជួបពិភាក្សាគ្នាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក (ឈ្មោះរបស់ភាគីថៃ) ឡើងវិញ ក្រោយបិទការចេញចូលមួយរយៈពេល ដោយសារជំងឺកូវីដ១៩។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានកំណត់ដើម្បីសុំជួបពិភាក្សាគ្នា នៅទីស្នាក់ការគយ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត-ខ្លងលឹក។
គួរជម្រាបថា ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ត្រូវភាគីកម្ពុជា-ថៃ សម្រេចរួមគ្នាបិទជាបណ្ដោះអាសន្ននូវការចេញចូល លើកលែងតែការចរាចរទំនិញរថយន្ដធុនធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕