(កំពង់ឆ្នាំង)៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចំការមួយ ដែលគេបានឃើញសពស្រីម្នាក់ បានដេកស្លាប់ក្បែរផេះភ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់មួយកំណាត់ខ្លួនខាងលើ នៅសល់តែត្រឹមចង្កេះមកក្រោម។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នុងខ្ទមចាំចំការមួយកន្លែង ត្រង់ចំណុចសែនណី ភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនយ៍ត្រី អៀរ ប៊ុនធឿន ជានាយសេនាធិការ នៃស្នងកាដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ពិតជាមានករណីខាងលើនេះកើតមានពិតមែន ដែលជនរងគ្រោះមានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិខាងលើ ដែលគាត់បានដេកចាំចំការនៅចំណុចកើតហេតុ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅដេកចាំផ្ទះឯក្នុងភូមិឃុំខាងលើ។
ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ដែលតាមរបាយការណ៍ បឋមបានអោយដឹងថា ស្រី្តរងគ្រោះបានដេកស្លាប់ក្បែរគំនរផេះផ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់ខ្លួនមួយកំណាត់ខាងលើពិតមែន ប៉ុន្តែទ្រព្យសម្បត្តិក្នុងខ្ទម ពិសេសម៉ូតូម៉ាកឌ្រីមមួយគ្រឿង មិនបានបាត់ទៅណាទេ ហើយតាមការស្រាវជ្រាវថា គាត់មិនដែលមានទំនាស់ជាមួយអ្នកណានោះដែរ ដូច្នេះករណីស្លាប់របស់ស្ត្រីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថា គឺមិនមែនជាករណីឃាតកម្មនោះឡើយ។
គេមិនទាន់ដឹងថា តើស្ត្រីងរងគ្រោះមិនស្រួសខ្លួន ឬខ្យល់គរនៅម្នាក់ឯង ឬពេលស្រវេស្រវ៉ាទៅចំចង្កៀង ក៏ដួលចង្កៀងមកលើគ្រែហើយក៏ឆេះគ្រែ និងខ្លួនស្លាប់តែម្តងទៅគ្មានអ្នកណាដឹង។ ករណីនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ស៊ើបអង្កេតស្រាវជ្រាវ ជាបន្តដើម្បីសន្និដានឲ្យបានច្បាស់លាស់ អំពីមូលហេតុនៃការស្លាប់របស់ស្តី្រជាជនរងគ្រោះខាងលើនេះ៕