(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្រីក្រចំនួន៤៥០គ្រួសារ មកពី៣ស្រុក មាន៣ឃុំ និងវត្តចំនួន៤ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានទទួលអំណោយពីក្រុមគ្រួសារលោក តាន់ ទ្រី និងលោកតាន់ សុខ រស់នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពិធីបុណ្យខួបលើកទី៣៧ ជូនភរិយា និងអ្នកម្តាយ ដែលត្រូវពួកប៉ុលពតចូលប្លន់បាញ់សម្លាប់ កាលពី៣៧ឆ្នាំមុន ក្នុងភូមិកំពង់ប្រាសាទ។ នៅក្នុងពិធីបុណ្យនេះ ម្ចាស់ដើមបុណ្យ ក៏បានអំពាវនាវប្រមូលថវិកាបានចំនួន ៥០០០ដុល្លារផងដែរ ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ។
លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច នៅក្នុងពិធីបុណ្យនេះ បានថ្លែងថា ក្នុងនាមអាជ្ញាធរស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមគ្រួសារលោកពូ តាន់ ទ្រី មានលោក តាន់ សុខ លោក តាន់ វណ្ណា និងលោក តាន់ សាង ដែលបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត មកពីស្រុក៣ និងឃុំ៣ និងវត្តចំនួន៤ ក្នុងពិធីបុណ្យខួបលើកទី៣៧ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណ ក្ខន្ធជូនភរិយា និងអ្នកម្តាយ គឹម ឡេង ព្រមទាំងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់ប្រាសាទ ដែលត្រូវពួកទាហានប៉ុលពត ចូលប្លន់បាញ់សម្លាប់កាលពី៣៧ឆ្នាំមុន ដែលគ្រួសាររបស់លោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយចំណាយនៅថវិកាផ្ទាល់ខ្លួន ដើម្បីទិញសម្ភារធ្វើជាអំណោយទាន ចែកជូនដល់ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន។
លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការក្នុងខេត្ត និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំសែបស្រុកកំពង់ត្រឡាចផងដែរ ដែលបានចូលរួមក្នុងពិធីបុណ្យនេះ និងបានចូលរួមថវិការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិធីបុណ្យនេះគឺជាការតបស្នងសងគុណ និងឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកមានគុណ ដែលជាទង្វើដ៏ល្អប្រពៃ របស់ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា។ មិនតែប៉ុណ្ណោះ ការចែកទានជាអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៤៥០គ្រួសារ និងព្រះសង្ឃនៅក្នុងវត្តទាំង៤ របស់ម្ចាស់បុណ្យថែមទៀតនោះ គឺជាការចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍ដល់អាជ្ញាធរថា មិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់ដាច់ពោះអត់បាយស្លាប់នោះឡើយ។
អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យនៅក្នុងគ្រួសារមានការលាងដៃនឹងសាប៊ូ ឬអាកុលបានញឹកញាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការឆ្លងជំងឺកូវីដ.-១៩ ដែលមិនទាន់រលាយបាត់ពីពិភពលោកយើងនៅឡើយ។
លោក តាន់ សុខ តំណាងក្រុមគ្រួសារជាអ្នកផ្តើមបុណ្យ បានឲ្យដឹងថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ នោះក្នុង១គ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម , មី១០កញ្ចប់ ,ត្រីខ១០កំប៉ុង និងថវិកា ១៥០០០រៀល។ ចំណែកវត្ត៤ ក្នុង១វត្តៗទទួលបាន អង្ករ៥០គីឡូក្រាម ទឹកក្រូច១កេស ទឹកសុទ្ធ ១កេស និងថវិកា ១០ម៉ឺនរៀល៕