(ព្រៃវែង)៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យជួលជិះ ឃើញឱកាសស្ងាត់ ចាក់សម្លាប់ប្លន់យកម៉ូតូ។ ករណីនេះ បានកើតឡើង នាវេលាម៉ោងប្រមាណ២៣៖៣៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចស្រុកមេសាង បានឲ្យដឹងថា មានករណីប្លន់សម្លាប់យកម៉ូតូ១គ្រឿង ម៉ាក C១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខពីជនរងគ្រោះ ឈ្មោះ ភី យុន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង ជាអ្នករត់ម៉ូតូឌុប។
សមត្ថកិច្ចបានបន្តថា នៅមុនពេលធ្វើសកម្មភាពប្លន់ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជួលម៉ូតូឌុប របស់ជនរងគ្រោះជិះ ខណៈដែលមកដល់កន្លែង កើតហេតុខាងលើ បានចាក់និងវត្ថុរឹង ទៅលើជនរងគ្រោះពីក្រោយជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ រួចយកម៉ូតូជនរងគ្រោះជិះទៅបាត់។
បច្ចុប្បន្ន សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ កំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដោយហ្មត់ចត់ និងបំពេញទៅតាមនីតិវិធីច្បាប់៕