(ភ្នំពេញ)៖ គណៈកម្មការបង្ក្រាប បទល្មើសព្រៃឈើ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាននោះ បានប្រកាសលេខទូរស័ព្ទ ០២៣ ចំនួន៣ខ្សែជូនដល់ប្រជាពលរដ្ឋ ក៏ជាមជ្ឈដ្ឋានទូទៅ សម្រាប់ជួយសហការផ្តល់ព័ត៌មាន នៅពេលដែលឃើញ និងដឹងថា មានបទព្រៃឈើកើតឡើងនៅទីណា។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ អេង ហ៊ី បានប្រាប់អង្គភាព Fresh News ថា «ប្រព័ន្ធទូរស័ព្ទចំនួន៣ខ្សែ រួមមាន ០២៣ ៦ ៦៦៧ ៦៦៧, ០២៣ ៦ ៣៧៦ ៣៦៧, ០២៣ ៦ ៦៦៨ ៦៦៨ ត្រូវបានប្រកាស ជាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចហៅចូលគ្រប់ពេលវេលា នៅពេលដែលឃើញ មានបទល្មើសព្រៃឈើ កើតមានឡើងនៅទីណា និងនៅពេលណា ដោយមន្រ្តីរបស់យើងចាំទទួល ២៤ម៉ោង លើ២៤ម៉ោង»។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបង្កើតគណៈកម្មាការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ គណៈកម្មាការមួយនេះ បានបើកប្រតិបត្តិការយ៉ាក្តៅគគុក លើការបង្ក្រាប បទល្មើសព្រៃឈើ នៅតាមបណ្តាខេត្តជាពិសេស ខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។
គណៈកម្មាការមួយនេះមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស ជាប្រធាន អមដោយលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរ ងនគរបាលជាតិ ជាអនុប្រធាននិងមានសមាជិក ៨នាក់ រួមមាន តំណាងក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ព្រមទាំងអភិបាលខេត្តទាំង៦ជាប់ព្រំដែនប្រទេសវៀតណាម៕