(ព្រៃវែង)៖ លោកស្រី ញ៉ែម សាខន សខេង បានប្រគេនទៀនព្រះវស្សា រួមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃចំនួន៣៩វត្ត តាមក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

ចំពោះទេយ្យវត្ថុដែលប្រគេនចំពោះព្រះសង្ឃទាំង៣៩វត្តនោះ រួមមាន៖ ទៀនព្រះវស្សាក្នុងមួយវត្តៗ ចំនួន ១គូរ, លាង១, អង្ករ៥០គីឡូ, បាឡុង១, ទឹកដោះគោ១កេសធំ, ទឹកសុទ្ធ២កេស ,ទឹកផ្លែឈើ២កេស, ផ្លែឈើមួយកន្ត្រក, ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, អំពិល, ស្ករស រួមទាំងបច្ច័យមួយចំនួនទៀតផងដែរ។

ការប្រគេនទេយ្យទានជូនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈ៣ខែ ជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។

ចំពោះពិធីបុណ្យប្រគេនទៀនព្រះវស្សា និងបរិក្ខាទាំងអស់នេះ ដើម្បីឧទ្ទិសបុណ្យកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ជា ស៊ីម ព្រមទាំងមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងបុព្វហេតុប្រទេសជាតិ ការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍ នោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំគ្នាយកទៀនព្រះវស្សា រួមទាំងទេយ្យទាន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមវត្តអារាមានានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕