(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជាបុរសខ្លាំងរបស់កម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា ដរាបណាសម្តេច និងគណបក្សប្រជាជនកម្ពុជា នៅតែមានវត្តមានក្នុងការដឹកនាំប្រទេសនោះ ទាល់តែរង់ចាំរហូតដល់ជាតិក្រោយ ទើបក្រុមប្រឆាំងអាចដឹកនាំប្រទេសជំនួសសម្តេច និងគណបក្សប្រជាជនកម្ពុជាបាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅពេលដែល ហ៊ុន សែន មានវត្តមាននៅទីនេះ គណបក្សប្រជាជនមានវត្តមាននៅទីនេះ អ្នកឯង [ក្រុមប្រឆាំង] ត្រូវរង់ចាំជាតិក្រោយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចំអកទៅកាន់ក្រុមប្រឆាំងទៀតថា «ពេលវេលានឹងធ្វើឲ្យអ្នកឯងបានឃើញ! អានេះវារត់ទៅជ្រកក្បាលនៅស្រុកគេ ហើយវាអផ្សុកវាអត់អីធ្វើ វាគិតតែ Live (ផ្សាយផ្ទាល់លើ Facbook) ទៅ។ រហូតដល់ពេលប្រជុំសភា គេនិយាយថាលោក ហ៊ុន សែន ខកចិត្តខ្លាំងណាស់ ព្រោះអត់បានផ្ទេរអំណាចឲ្យកូនប្រុស។ យី! អញនៅធ្វើ [ជានាយករដ្ឋមន្ត្រី]! អ្នកណាមានសមត្ថភាពមកជំនួស ហ៊ុន សែន បច្ចុប្បន្ននេះ? ឥឡូវនិយាយឲ្យពិត ចេញមុខមក! ក្នុងតួអង្គនៃគណបក្សប្រជាជន អត់មាននរណាចង់ [ធ្វើជានាយករដ្ឋមន្ត្រីទេ] មានតែអ្នកឯងទេទើបចង់។ ប៉ុន្តែអ្នកប្រហែលជាចាំជាតិក្រោយ»

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតណែនាំដល់ក្រុមប្រឆាំង ឲ្យសំឡឹងមើលទីស្នាក់ការគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត។ សម្តេចអះអាងថា ការធ្វើទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំងនេះ មិនមែនសម្រាប់តែ ២ឆ្នាំ ឬ៣ឆ្នាំទេ គឺសម្រាប់៥០ឆ្នាំ ឬ១០០ឆ្នាំទៅខាងមុខទៀតឯណោះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗទៀតថា គណបក្សប្រជាជនកម្ពុជា បានខិតខំវិនិយោគទុន ទាំងទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនធ្វើរបៀបដឹកនាំតាមបែបកញ្ឆក់កណ្តៀត ដូចពួកប្រឆាំងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំក្រុមប្រឆាំងទៀតថា កុំមើលស្រាលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច និងកុំមើលស្រាលសមត្ថភាពដឹកនាំរបស់សម្តេចឲ្យសោះ ព្រោះថាបើសម្តេចមិនខ្លាំង មិនអាចប្រឡូកក្នុងឆាកនយោបាយ ជាមួយអ្នកនយោបាយចាស់ៗបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មាយាទរាជរដ្ឋាភិបាលរបស់សម្តេច គឺសន្សំលុយ ហើយមិនមែនសន្សំតែតួលេខទេ គឺសន្សំសាច់ប្រាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាល សល់សាច់ប្រាក់ដល់ជាង ៣៥០០លានដុល្លារអាមេរិកឯណោះ។ សម្តេចបានដៀមដាមទៅក្រុមប្រឆាំងថា ពួកគេបានកៀរគរថវិកាជាច្រើន ពីសមាជិកទៅធ្វើនេះ ធ្វើនោះ តែដូចជាមិនឃើញចេញលទ្ធផលទេ។ តើយកថវិកាទៅណា?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំឡុងពេលជួបវិបត្តិដោយសារជំងឺកូវីដ១៩នេះ មិនទាន់មានពលរដ្ឋណាស្លាប់ដោយសារដាច់ និងមិនបានដឹងព័ត៌មាននោះទេ ហើយកម្ពុជានៅតែអាចរកចំណូលបានប្រមាណ ៤០០លានដុល្លារអាមេរិកក្នុងមួយខែ។ ទោះធ្លាក់បន្តិចមែន តែក៏នៅអាចដោះស្រាយបញ្ហាបាន។

សម្តេចថ្លែងដែរថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ ២៥លានដុល្លារអាមេរិក សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ផងដែរ៕