(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំក្រុមការងារ វាយតម្លៃទុនវិនិយោគ ដើម្បីសងត្រឡប់ក្រុមហ៊ុន ថូលវេ នៃគម្រោងវិនិយោគផ្លូវចោមចៅ-ស្ទឹងមានជ័យ (វេងស្រេង) ដើម្បីពិភាក្សា ផ្តល់សំណងត្រឡប់ទៅកាន់ក្រុមហ៊ុនវិញ បន្ទាប់ពីរាជរដ្ឋាភិបាល ដកហូតផ្លូវវេងស្រេងមកគ្រប់គ្រងដោយខ្លួនឯងវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានចំណាយការសាងសង់ផ្លូវវេងស្រេងនេះ អស់ប្រាក់ចំនួនប្រមាណ ១០ ៥០០ ០០០ដុល្លារអាមេរិក និងសុំឲ្យគណៈកម្មការដោះស្រាយទូទាត់សំណង ផ្តល់ទឹកប្រាក់ត្រឡប់មកវិញ នូវប្រាក់ថ្លៃសាងសង់ចំនួន១០ ៥០០ ០០០ដុល្លារ បូកការប្រាក់ដែលខ្លួនបានចំណាយចំនួន ៤០ម៉ឺនដុល្លារទៀត សរុបប្រមាណ ១០៩០០ ០០០ដុល្លារ។
ជាការឆ្លើយតបតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ចំពោះថវិកាចំនួន ៤០ម៉ឺនដុល្លារ ដែលក្រុមហ៊ុនអះអាងថា ជាថ្លៃការប្រាក់នោះ ខ្លួនមិនអាចសម្រេចសងបាននោះទេ ដោយសុំពេលប្រជុំពិភាក្សាជាមួយគណៈកម្មការបន្តទៀតដោយឡែកចំពោះ ថវិកា ១០ ៥០០ ០០០ដុល្លារ ដូចកិច្ចសន្យានោះ ក្រសួងនឹងប្រគល់ជូនត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផ្តល់របាយការណ៍ ជាក់ស្តែងរួចមកនោះ។
បើតាម Faecbook Page របស់លោក ប៉ា ជាតិវង្ស បានបញ្ជាក់ថា ផ្លូវវេងស្រេងនេះមានប្រវែង ៦,៥០០ ម៉ែត ដោយចាក់កំរាលបេតុង កំរាស់២០ សង់ទីម៉ែត្រ ពង្រឹកទទឹងផ្លូវ២២ម៉ែត្រ និងមានសួនច្បារកណ្តាលទំហំ ២,៥០ម៉ែត្រ ដែលបច្ចុប្បន្នបានកសាងហើយប្រមាណ ៩៥ភាគរយ នៃគម្រោងវិនិយោគ ដោយក្រុមហ៊ុន BOTT WAYS និងនៅសល់ប្រមាណ ៥ភាគរយទៀត នៃគំរោងគ្រោងដែលនឹងត្រូវ ផ្ទេរទៅឲ្យ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាបន្ដធ្វើការសាងសងបញ្ចប់។
បច្ចុប្បន្ននេះលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីសិក្សាពិនិត្យវាយតម្លៃ និងទូទាត់ សំណងជូនក្រុមហ៊ុន ភ្នំពេញ ថូលវេ លើកិច្ចសន្យាវិនិយោគនេះ៕