(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ទោះបីជាអាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តកណ្តាល ដាក់ឲ្យដំណើរការក៏ដោយ ក៏អាកាសយានដ្ឋានអន្តរជាតិចាស់ នៅពោធិ៍ចិនតុង នៅតែឲ្យបើកដំណើរការដដែល ប៉ុន្តែមានមុខងារពិសេសបន្ថែមទៀត។

ការអះអាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី១៖ ជាព្រលានយោធាកងទ័ព ទី២៖ ការហោះហើរផ្ទៃក្នុង ដែលយើងនឹងមានព្រលានយន្តហោះកាន់តែច្រើន ដែលប្រជាជនកម្ពុជា មានលុយដើម្បីជិះយន្តហោះ ទី៣៖ សម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ខាងផ្លូវអាកាស ឯចុងក្រោយប្រើសម្រាប់ Private Jet Flight គឺបានសេចក្តីថា ក្នុងតំបន់យើងគេមានយន្តហោះច្រើនណាស់ ខ្វះកន្លែងដាក់ គេអាចយកយន្តហោះមកផ្ញើជាមួយយើង បើសិនជាយើងមានមូលដ្ឋានល្អ ហើយសម្រាប់ការអញ្ជើញមកដល់របស់ ឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី មកទស្សនកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល»។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរចេញចូលប្រទេសកម្ពុជា និងបង្កើនសមត្ថភាពក្នុងការទទួលវត្តមានយន្តហោះនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយកន្លែងថ្មីទៀត លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលជាអ្នកទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបញ្ជាក់ថា ការសាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទអាកាសយានដ្ឋានធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាអាកាសយានដ្ឋានអន្តរជាតិថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៉ី៕