(កណ្តាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសអនុវត្តន៍ កម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។

ការប្រកាសជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី២៤ខាងមុខនេះ ខ្ញុំនឹងប្រកាស ដើម្បីឧបត្ថម្ភប្រមាណជាង៦០ម៉ឺនគ្រួសារ ដែលចូលមនុស្សដល់រាប់លាននាក់ អំពីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាជនក្រីក្រ បន្ទាប់ពីយើង បាននឹងកំពុងអនុវត្ដ នូវការឧបត្ថម្ភចំពោះកម្មករ ដែលបាត់បង់ការងារធ្វើ ចំពោះកម្មការិនីដែលឆ្លងទន្លេ ចំពោះស្ដ្រីដែលមានផ្ទៃពោះ និងកម្មវិធីមួយចំនួនទៀត»

សម្ដេចតេជោ បានថ្លែងថា វិបត្ដិសេដ្ឋកិច្ចឥលូវនេះ មិនមែនប៉ះពាល់តែកម្ពុជានោះទេ ពិភពលោកទាំងមូលរាប់ទាំងប្រទេសអ្នកមាន ដែលត្រូវការបញ្ចេញទុន មកសង្គ្រោះសេដ្ឋកិច្ច ឬក៏អន្ដរាគមន៍នៅក្នុងវិស័យសង្គម ប៉ុន្ដែប្រទេសខ្លះក៏គេមានលុយគ្រប់គ្រាន់ ឯប្រទេសខ្លះទៀត ចាប់ផ្ដើមលក់បណ្ណរតនាគារ ដើម្បខ្ចីលុយពីប្រជាពលរដ្ឋ យកមកសង្គ្រោះសេដ្ឋកិច្ច។

សម្ដេតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល របស់សម្តេចបាននោះទេ ហើយសម្តេចតេជោ បានប្រាប់ដល់ អ្នកដែលរង់ចាំ ឲ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។

បើតាមអនុក្រឹត្យចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

* មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង
* បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ក្នុងអនុក្រឹត្យ ក៏បានបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ត្រូវផ្តល់ជូនក្នុងមួយខែ ចន្លោះពី១៦,០០០រៀល ទៅដល់១២០,០០០រៀល។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រ ក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជំហ៊ានដំបូងនៃការស្រាវជ្រាវនេះ រកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្ស មានប្រមាណ ជិត២លាន ៣សែននាក់៕