(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងមកបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេស កម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីយាងបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាមួយនៅក្នុងខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់ថា របស់មន្រ្តីក្រសួងអប់រំ បានឲ្យដឹងថា ម្ចាស់ក្សត្រី មហាចក្រី ស៊ីរីនដន យាងមកដល់រាជធានីភ្នំពេញនៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ។ ព្រះរាជដំណើររបស់ម្ចាស់ក្សត្រី ស៊ីរីនដន នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោក ហង់ ជួនណារ៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះថា ខាងក្រសួងការបរ ទេសមិនទាន់ទទួលបានរបាយការណ៍លំអិតជុំវិញព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រីថៃនៅឡើយនោះទេ។ តែបើតាមការ របស់លោក កៅ គឹមហួន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីរីនដន នឹងយាង មកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ។
បើតាមលោក កៅ គឹមហួន ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីថៃ នឹងយាងជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គម្ចាស់ក្សត្រី ស៊ីរីនដន ក៏នឹងយាងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានប្រាប់ Fresh News ថា នៅក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រីថៃ ស៊ីរីនដន នឹងយាងទៅបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា នៅក្នុងខេត្តកំពង់ស្ពឺ។ លោក រស់ សាលីន បានបញ្ជាក់ថាវិទ្យាស្ថាន បច្ចេកវិទ្យានេះ ទទួលជំនួយសាងសង់អគារ និងការបំពាក់គ្រឿងបរិក្ខា ដោយម្ចាស់ក្សត្រី ស៊ីរិនដន។
បើតាមលោក រស់ សាលីន វិទ្យាស្ថានបច្ចេកវិទ្យានេះ នឹងចូលរួមចំណែកជួយបណ្តុះបណ្តាលជំនាញបច្ចេកដល់សិស្សខ្មែរចាប់ពីថ្នាក់ ទី១០ រហូតដល់ថ្នាក់ឧត្តមសិក្សា។
លើសពីនេះទៅទៀត ព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន នឹងយាងបើកការសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យកំពង់ ឆ្នេរអូរឈើទាល និង ពិធីប្រគល់អគារបន្ទប់ថាមពលដើរ ដោយព្រះអាទិត្យ នៅខេត្តកំពង់ធំ។
ព្រះអង្គម្ចាស់ក្សត្រី ស៊ីរីនដន ក៏នឹងយាងទស្សនកិច្ចនៅសាលាបឋមសិក្សានៅខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែង ព្រមទាំងរោងចក្រស្ករសឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឹផងដែរ៕