Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្លះ៖ មន្ត្រីមុខងារសាធារណៈជាច្រើន បន្តសុំពន្យាការចូលនិវត្តន៍ ខណៈយុវជនមានសមត្ថភាពជាច្រើន មិនមានឱកាស

19-01-2016 16:04

(ភ្នំពេញ)៖ នៅក្នុងយុទ្ធនាការ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកន្លងមក គេឃើញថា មានភាពល្អប្រសើរយ៉ាងខ្លាំងដែលបាន ធ្វើឲ្យប្រជាពលរដ្ឋ មានការជឿជាក់ និងកក់ក្តៅ រាប់ទាំងទីក្រុងរហូតជនបទ។ ប៉ុន្តែទន្ទឹម និងការជឿជាក់ភាពកក់ក្តៅ ប្រជាពលរដ្ឋ ក៏បានបង្ហាញភាពខ្វល់ខ្វាយ ជាច្រើនចំពោះមន្រ្តី មុខងារសាធារណៈ មួយចំនួនដែលនៅតែក្រាញននាល មិនព្រមចូលនិវត្តន៍។

ជាគោលការណ៍ផ្លូវច្បាប់ មន្រ្តីមុខងារសាធារណៈទាំងអស់ តម្រូវឲ្យចូលនិវត្តន៍ កំណត់អាយុ៦០ឆ្នាំ មិនដូចមន្រ្តីនយោបាយ នោះឡើយ។ ប្រជាពលរដ្ឋ និងមន្រ្តីរាជការមួយចំនួន បានបញ្ចេញទស្សនៈថា មន្រ្តីសាធារណៈខ្លះ ដល់អាយុ៦០ឆ្នាំទៅហើយ បែរជានាំគ្នាស្ទុះស្ទា ទៅសុំពន្យាពេលបន្តទៀត ដើម្បីបំពេញសេចក្តី ត្រូវការចុងក្រោយ ហើយការសុំពន្យាពេលចូលនិវត្តន៍នេះ បានបំពុលបរិយាកាសសង្គមយ៉ាងខ្លាំង នោះគឺនាំឲ្យក្រុមយុវជនដែលមានសមត្ថភាពមួយចំនួនធំ បាត់បង់ឱកាសចូលរួមកសាង សង្គមជាតិរបស់យើង ដ៏សែនមានសន្តិភាព និងការរីកចម្រើននេះ។ មតិទាំងនោះ បានបន្ថែមថា កត្តាទាំងនេះបានជះទឹកត្រឡប់ទៅ ថ្នាក់ដឹកនាំវិញ ដោយមន្រ្តីខ្លះប្រើពាក្យថា «ខ្លួនមិនចង់នៅបន្តទេ តែដោយសារថ្នាក់លើបង្ខិតបង្ខំខ្លួនឲ្យបន្ត ដូច្នេះបើខ្លួនធ្វើអ្វីខុស បន្តិចបន្តួច កុំស្តីបន្ទោសគួរបន្ទោសថ្នាក់លើចុះ»។ តាមទស្សនៈរបស់ប្រជាពលរដ្ឋ ពួកគាត់ពិតជាចង់ឃើញ រាជការសាធារណៈ មានតម្លាភាព និងទាមទារធ្វើយ៉ាងណា ឲ្យមានយុត្តិធម៌សង្គម ស្រឡាញ់កិត្តិយស គោរពច្បាប់ទាំងអស់គ្នា ជៀសវាងនៅភាព អយុត្តិធម៌។

បើតាមប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងនោះ អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មានឧត្តមសេនីយ៍ វរៈមន្ត្រី អនុមន្រ្តី ដែលបានចូលនិវត្តន៍ ដោយមិនមានការពន្យាពេលឡើយ ខុសតែស្ថាប័នអ្នកច្បាប់មួយចំនួនមាន ចៅក្រម និងព្រះរាជអាជ្ញាជាដើម ដែលសុំពន្យាចូលនិវត្តន៍ ដោយគ្មានការអៀនខ្មាស់។ នៅក្នុងស្មារតីបម្រើជាតិ មាតុភូមិដូចគ្នា ប្រសិនបើ ឧត្តមចៅក្រម ឬឧត្តមព្រះរាជអាជ្ញា រាជធានី-ខេត្តណាម្នាក់ សុំពន្យាពេលចូលនិវត្តន៍បាននោះ ឧត្តមចៅក្រម និងឧត្តមមន្រ្តីឯទៀត ក៏សុំពន្យាពេលមិនចូលនិវត្តន៍បានដូចគ្នាដែរ ពីព្រោះមន្រ្តីដែលដល់អាយុចូលនិវត្តន៍នៅតាមបណ្តា រាជធានី-ខេត្ត បច្ចុប្បន្នជាច្រើនរូប មានឋានន្តរសក្ក័ជាឧត្តមមន្រ្តី ឬវរមន្រ្តីដូចគ្នា។ មួយរយៈចុងក្រោយនេះ គេបានឃើញយ៉ាងច្បាស់ថា មានអ្នកចូលនិវត្តន៍នៅតាមបណ្តា រាជធានី-ខេត្ត នាំគ្នារត់ការប្រសេកប្រសាចសុំពន្យាពេលខុសប្រក្រតីដែលនាំ ឲ្យមានការរិៈគន់យ៉ាងខ្លាំង នៅពេលដែលក្រុមយុជន ជាច្រើន បានរៀនចប់រកការងារធ្វើមិនបានផង។ យ៉ាងណាក៏ដោយ សម្រាប់ការលើកឡើងបែបនេះ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលធ្លាប់ បានបញ្ជាក់ត្រឡប់ទៅវិញថា មន្រ្តីរាជការសាធារណៈ ឲ្យតែដល់អាយុចូលនិវត្តន៍ គឺត្រូវដាក់ឲ្យចូលហើយមិនមានការពន្យានោះឡើយ ពីព្រោះឥឡូវនេះ មានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការកិច្ចការងារនេះ ជាបន្តបន្ទាប់៕