(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណេីរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ២២ខែមិថុនាឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពីសំណាក់សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីអង្គភាពស្ថាប័ន ពាក់ព័ន្ធអភិបាលក្រុងស្រុក បុគ្គលិកសុខាភិបាលជាច្រើនរូបទៀត។

មានប្រសាសន៍បេីក និងបិទពិធីផ្សព្វផ្សាយនេះ លោក អ៊ុ រាត្រី បានថ្លែងការកោតសរសេីរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការចាត់វិធានការបានទាន់ពេលវេលា ចំពោះកិច្ចការដែលបានអនុវត្តកន្លងមក។

លោកបានបញ្ជាក់ថា នេះគឺជាការដាក់ឲ្យអនុវត្តរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលេីកការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោល គឺការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវពីសេវាសុខាភិបាលឲ្យមករដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចប្រតិបត្តិនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

នាឱកាសនោះ លោកអភិបាលខេត្តក៏បានចូលរួមជាមតិ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទៅលេីកិច្ចការងារមួយចំនួន រួមមាន៖

* ១៖ ការបន្តផ្សព្វផ្សាយទៅថ្នាក់មូលដ្ឋានពិសេសឃុំសង្កាត់មណ្ឌលសុខភាពប៉ុស្តិសុខភាពឲ្យបានទូលំទូលាយ ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដេីម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

* ២៖ ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរមករដ្ឋបាលខេត្ត បើទោះបីបុគ្គលិកទាំងនេះនៅតែបន្តស្ថិតក្នុងអង្គភាពសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះ ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ដែលអនុវត្តតាមគោលការណ៍បែបបទនីតិវិធីពិសេស ការតែងតាំងការផ្លាស់ប្ដូរបុគ្គលិកជាដេីម។

* ៣៖ ការគ្រប់គ្រងការចាត់ចែង និងប្រើប្រាស់ថវិកាសម្រាប់មុខងារផ្ដល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌរដ្ឋបាលខេត្ត មិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះ ទៅប្រើប្រាស់សម្រាប់មុខងារផ្សេងៗក្រៅពីមុខងារសុខាភិបាលឡេីយ។

* និង៤៖ ការផ្ទេរទ្រព្យសម្បត្តិកិច្ចការនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបន្តសម្របសម្រួល ដើម្បីប្រគល់ឲ្យរដ្ឋបាលខេត្តឲ្យបានរួចរាល់នៅឆ្នាំ២០២០។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយក៏មានការធ្វើបទបង្ហាញប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរាជធានី-ខេត្ត ដោយលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, ការធ្វើបទបង្ហាញអន្តរក្រសួងស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុលក្ខខណ្ឌបច្ចេកទេស និងនីតីវិធីសម្រាប់ការផ្ទេរធនធានហរិញ្ញវត្ថុ ទៅរដ្ឋបាលរាជធានី-ខេត្តសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងបទបង្ហាញលិខិតលេខ ១៦២២ សជណចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌដោយលោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ៕