(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ទៅគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ញឹក ហួន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព ដោយរោគគាពាធកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ ញឹក ហួន គឺជាវីរជនស្នេហាជាតិពិតៗ ដែលបានចូលរួមក្នុងចលនាស៊ូរំដោះជាតិ រំដោះប្រជាជនឲ្យរួចផុតពី ការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៃរបបខ្មែរក្រហម ហើយក៏ជាយុទ្ធមិត្តរួមអាវុធរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែរំលឹក នូវអនុស្សាវរីយ៍កាលគ្រាតស៊ូ។
សពរបស់នាយឧត្តមសេនីយ៍ ញឹក ហួន នឹងត្រូវរៀបចំពិធីបូជា នៅសួនច្បារមុខវត្តបុទមវត្តី ដែលជាទីតាំងដ៏សាកសម សម្រាប់អ្នកតស៊ូរបស់កម្ពុជា ហើយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មេរុ សម្រាប់បូជាសពរបស់ឧត្តមសេនីយ៍ ញឹក ហួន កំពុងត្រូវបានរៀបចំយ៉ាងយកចិត្ត ទុកដាក់ នៅសួនច្បារវត្តបុទមវត្តី ដើម្បីឲ្យរួចរាល់តាមការគ្រោងទុក សម្រាប់បូជា នៅថ្ងៃទី២១ ខែមករា ខាងមុខនេះ៕