(ភ្នំពេញ)៖ យុវជនម្នាក់ដែលបើករថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ តាមស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។

​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនបង្កមាន​ឈ្មោះ​ ពុធ មនោ​រម្យ​ ដែល​មិន​បាន​ស្តាប់​ការណែនាំ​​របស់​ប៉ូលិស​ចរាចរ​ណ៍​​នៅ​ម្តុំការដ្ឋា​ន​​កំពុងសាងសង់​ផ្លូវ​នៅ​រង្វង់​មូលចោមចៅ​​ និង​បាន​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដែល​បង្កឲ្យ​មន្ត្រី​​ចរាចរ​ណ៍​​ម្នាក់​ដួល​។ ​​ក្រោយ​ធ្វើ​ការស្រាវជ្រាវ​​ និង​ត្រួត​ពិនិត្យ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជនបង្កនេះ​បាន​ប្រើ​ប្រាស់​ផ្លាកលេខមិន​ត្រឹម​ត្រូវ​ ដោយ​យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់។​

ជនបង្កនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​លើចំណុច​៣​ផ្សេង​គ្នា​ទី​១​គឺ​ ការរារាំង​​​សមត្ថកិច្ច ​​ពេល​កំពុង​តែអនុ​វត្ត​​​ការងារ​, ទី​២​ គឺ​ការប្រើ​ប្រាស់​ផ្លាកលេខក្លែង​ក្លា​យ​ (យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់) និងទី​៣​ បើក​រត់គេច​ពីកន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស ពីការ​ទទួល​ខុសត្រូវ​។

នៅ​រសៀលថ្ងៃ​ទី​២​១​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ២​:០​០​រសៀល ជនបង្កត្រូវ​បាន​ការិ​យាល័យ​​នគរ​បាល​ចរាចរ​ណ៍​​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ​​ រៀប​ចំ​សំណុំ​ឯ​កសារ​ និង​បញ្ជូន​ទៅ​តុលា​ការដើម្បី​អនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​៕