(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរួមដំណើរជាមួយសម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ឈិន ឈន់ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធទ្វារទឹកអូរឈូកដោយមានការអញ្ជើញចូលរួមពីលោក ប៉ែន សូត្រ ប្រធានកត្តិយសចុះជួយឃុំឈូក លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះជួយឃុំឈូក និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ អាជ្ញាធរឃុំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឈុន ឈន់ បានបន្តថា ទ្វារទឹកអូឈូកនេះ គឺជាសមិទ្ធផលថ្មីមួយដែលយើងបានរួមគ្នាកសាងឡើងដើម្បី ជាប្រយោជន៍រួមក្នុងការធ្វើស្រែចំការ កសិកម្ម និងសម្រាប់ស្រោចស្រពទៅលើផលដំណាំផ្សេងបានយ៉ាងងាយស្រួល។

លោកបន្តថា សមិទ្ធផលទាំងនេះដោយសារកម្លាំងមហាសាមគ្គី រវាងក្រុមការងារចុះជួយឃុំឈូក ជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ទើបធ្វើឱ្យការជួសជុលទ្វារទឹកនេះលេចចេញជារូបរាង នឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺត្រូវតែរួមគ្នាជួយថែរក្សាការពារ ដើម្បីទុកប្រើប្រាស់បានយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយទៀត។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក កសាងសាលារៀន មន្ទីរពេទ្យឱ្យដល់ទីជនបទ។ នេះគឺដោយសារ សង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថិរភាពពេញលេញ ទើបធ្វើឱ្យសមិទ្ធផលនេះទទួល បានជោគជ័យទុកជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។

លោកថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ក្នុងការកសាងនិងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងវិស័យពុទ្ធចក្រ និងទាំងអាណាចក្រគ្រប់ទីកន្លែងទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៏ ហើយណែនាំដល់កូនចៅឲ្យជៀសឆ្ងាយអំពីគ្រឿងញៀន និងកុំប្រព្រឹត្តអំពីល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងរួមគ្នាទប់ស្កាត់អំពីរីករាលដាល នៃមេរោគកូវីដ១៩កុំអោយឆ្លងនៅសហគមន៍របស់យើងជាពិសេសត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង និងរក្សាគម្លាតគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។
ឆ្លៀតក្នុងឱកាសនោះលោក ឈុន ឈន់ បានចែកឯកសណ្ឋានជូនប្រជាការពារភូមិចំនួន ៦១នាក់ ក្នុងឃុំឈូក នឹងកាត់ខ្សែបូទ្វារទឹកអូរឈូកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ថា ទ្វារទឹកអូឈូកបានកសាងចំណាយទឹកប្រាក់សរុបចំនួន ១៣.១៨១.៥០០រៀល (៣.២៩៥ដុល្លារ) អាចស្ទាក់ទឹកទុកបម្រើឲ្យប្រជាពលរដ្ឋពលចំនួន៦ភូមិ និងស្រោចស្រពលើផ្ទៃដី៥៣៥ហិចតា សម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំង៕