(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មានដល់លោកផ្ទាល់ តាមរយៈទូរស័ព្ទ ក្នុងករណីដែលមានមន្រ្តី ក៏ដូចជា កងកម្លាំងដែលអនុវត្ត មិនបានត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួន ឬក៏យកអំណាចទៅប្រព្រឹត្តខុសច្បាប់ ដើម្បីលោកចាត់វិធាន ការបានទាន់ពេលវេលា។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងខណៈលោកដឹកនាំក្រុមមន្រ្តីចុះសំណេះសំណាល និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ សង្កាត់លលក«ស» ប្រមាណ២៦០០នាក់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។ លោកអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា «ដូចគ្នានេះ ប្រើសិនបើប្រជាពលរដ្ឋ ទាំងអស់មានបញ្ហា ដែលដោះស្រាយមិនបាន ឬក៏បញ្ហាពាក់ព័ន្ធនឹងជីវភាព អាចទំនាក់ទំនងមកខ្ញុំ ដើម្បីជួយដោះស្រាយបានគ្រប់ពេលវេលា សូមឲ្យប្រជាពលរដ្ឋទាំងអស់ទទួលខ្ញុំជាសមាជិកក្នុងគ្រួសារតែមួយ»។
នៅចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួន លោក ម៉ៅ ធនិន បានរំលឹកថា ប្រទេសយើងធ្លាប់បានឆ្លងកាត់ជាច្រើនសម័យ និងដំណាក់កាលមកហើយ។ មាតុភូមិយើងធ្លាប់ឆ្លងកាត់នូវភាពរុងរឿង ដ៏អស្ចារ្យពីបុរាណកាល ហើយក៏ធ្លាប់ធ្លាក់ក្នុងភ្លើងសង្រ្គាមផងដែរ។ ក្រោយពីថ្ងៃរំដោះ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចទាំងបី សម្រេចបាននូវសមិទ្ធិផលជាប្រវត្តិសាស្រ្តជាច្រើន ដូចជា ការរំដោះ និងការពារការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ ប្រទេស ជាពិសេសនយោបាយ ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពទូទាំងផ្ទៃប្រទេសជូនប្រជាពលរដ្ឋរបស់យើង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកន្លងមក។ ដោយសារប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់៨៥% ជាកសិករ រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ខេត្តពោធិ៍សាត់ទាំងមូលទទួលបាននូវសមិទ្ធិផលខ្នាតយក្ស ផ្នែកធារាសាស្ត្រ ចំនួនពីរគឺ៖ ទំនប់ធារាសាស្រ្តលេខ ៣ និងលេខ ៥ ដែលមានសមត្ថភាពស្តុកទឹក សម្រាប់ស្រោចស្រពប្រមាណ ៥០លានម៉ែត្រគូប និងទ្វារទឹកចំនួន០២កន្លែងទៀត គឺទ្វារទឹកដំណាក់អម្ពិល និងទ្វារទឹកចារឹក ដែលមានសមត្ថភាពស្រោចស្រព ផ្ទៃដីស្រែចំនួន ប្រមាណ១០ម៉ឺនហិកតា។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធ ក្នុងការផ្ទេរមរតកដល់កូនចៅ ដែលទាំងនេះគឺជាការគិតគូរលើកស្ទួយជីវភាព ប្រជាពលរដ្ឋ ជាប់ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ លោកអភិបាលខេត្តបានបន្តទៀតថា បច្ចុប្បន្នលោកកំពុងបំពេញតួនាទីពីរ គឺ៖ ទី១ តួនាទីរដ្ឋបាល គឺលោកមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ។ តួនាទីទី២ គឺលោកជាសាច់ញាតិ បងប្អូន និងជាសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋទាំង៤៧ម៉ឺននាក់ ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មាន សុវត្ថិភាព ជៀសអោយផុតពីគ្រឿងញៀន ល្បែងស៊ីសង និងគ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សាក្នុង គ្រួសារ ជាពិសេសជាប្រភពនៃបទល្មើសផ្សេងផងដែរ។ ក្នុងពិធីនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋទាំង ២៦០០ នាក់ ក្នុងម្នាក់ៗទទួលបានសារុងចំនួន១៕