(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី បានអញ្ជើញចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ចាសជរា ចំនួន៦៣គ្រួសារ មកពី៧សង្កាត់ទូទាំងក្រុងសិរីសោភ័ណ។
ពិធីចែកអំណោយនេះ ក៏មានការចូលរួមជាកត្តិយសសំណាក់លោកស្រី នួម សោភ័ណ្ឌ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ លោក-លោកស្រី ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរ លោក អ៊ុ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរ តែងតែគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាខ្លាំង ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ រងការលំបាកដោយអត់ឃ្លាននោះឡើយ សម្ដេចទាំងពីរតែងតែ ចាត់ឲ្យក្រុមការងារ ចុះជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយរាល់ការលំបាក ដែលបងប្អូនកំពុងជួបប្រទះបានទាន់ពេលវេលា។
លោកក៏បានបញ្ជាក់ថា ការចុះជួយដោះស្រាយទុក្ខលំបាកជូនបងប្អូន មិនមានការប្រកាន់និន្នការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺកាកបាទក្រហមកម្ពុជា តែងតែចុះជួយនៅពេលបងប្អូន ជួបការលំបាកដោយមិនឲ្យបងប្អូនណាម្នាក់ស្លាប់ ដោយដោយអត់អាហារបរិភោគនោះទេ។
ជាមួយគ្នានោះ លោក អ៊ុ រាត្រី ក៏បានបន្តក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយទេ។ ពិសេសកម្ពុជារបស់យើង នៅតែរកឃើញករណីនៃឆ្លងជាបន្តបន្ទាប់ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះហើយលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យឲ្យបានខ្ពស់ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវលាងសម្អាតដៃ ឲ្យបានជាប់ជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជេល។
ម្យ៉ាងវិញទៀត លោក អ៊ុ រាត្រី ក៏បានជំរុញលើកទឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវងាកមកដាំដុះបន្លែបង្ការ ឬចិញ្ជឹមសត្វជាដើម ដើម្បីទ្រង់ជីវភាពគ្រួសារ។
លោកលើកឡើងថា ការដាំដុះបន្លែបង្កា វាបានជួយដល់បងប្អូនដូចជា ទី១៖ ជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ, ទី២៖ ជួយបំពេញតម្រូវការទីផ្សារក្នុងស្រុក, ទី៣៖ កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស, និងទី៤៖ ចូលរួមលើកកម្ពស់វិស័យកសិកម្ម តាមរយៈការកាត់បន្ថយ នៃការប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនពលរដ្ឋទាំង៦៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម, ទឹកត្រីចំនួន៣ដប, ប្រេងឆាចំនួន១ដប, ត្រីខចំនួន១យួរ, អាយឺតចំនួន២អាវ, សាប៊ូចំនួន១កញ្ចប់តូច និងថវិកា១០,០០០រៀល រួមជាមួយគ្នានោះ សប្បុរសជន ដែលបានចូលរួម ក៏បានផ្តល់ជូនថវិកាមួយចំនួន ទាំង៦៣គ្រួសារផងដែរ៕