(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញប្រកាសជាផ្លូវការនូវការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះនៅលើទំព័រ Facebook នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្នុងកំលុងពេលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានា ដែលអាចធ្វើបានដើម្បីជួយប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។
ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ បានចេញសេចក្តីណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលផ្តល់ការគាំពារដល់ជីវភាពរបស់ពួកគេ ដែលកំពុងជួបការខ្វះខាត។
ការស្រាវជ្រាវរកអត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News ជំហ៊ានដំបូងនៃការស្រាវជ្រាវនេះរកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណ ជិត២លាន ៣សែននាក់។
ទន្ទឹមនឹងការប្រកាសពីកាលបរិច្ឆេទអនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់ហើយនោះ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំឱ្យឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។
សម្តេចតេជោបន្ថែមថា ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ។ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីឱ្យពលរដ្ឋ ឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕