(ភ្នំពេញ)៖ ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ន នៃការរាតត្បាតនៃវីរុសកូវីដ-១៩នៅលើសាកលលោកមានសភាព ខ្លាំងក្លានៅឡើយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចកិច្ចការពារខ្លួន ពីការចម្លងជំងឺកាចសាហាវនេះ ដោយចេះកែប្រែទម្លាប់រស់នៅរបស់ខ្លួន ឱ្យស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ច ដែលបុគ្គលគ្រប់រូបត្រូវរៀនសម្របខ្លួនតាមបែបដែលហៅថា «ការរស់នៅធម្មតាតាមបែបគន្លងថ្មី»។
ការអំពាវនាវក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងែនេះ «ការរស់នៅធម្មតាតាមបែបគន្លងថ្មី» លោករដ្ឋមន្ត្រីចង់សំដៅ លើការប្រកាន់យកការបន្តអនុវត្តន៍វិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្លួន ជាមួយនឹងការ ប្រុងប្រយ័ត្ននូវរលកទី២ នៃការចម្លងវីរុសដ៏កាចសាហាវនេះ ដែលអាចកើតមានគ្រប់ពេលវេលា គ្រប់កាលទេសៈ និងគ្រប់ទីកន្លែង។
អនុវត្តន៍វិធានការ ការពារការចម្លងវីរុសកូវីដ-១៩ មានដូចជា៖
* ត្រូវរក្សាអនាម័យដៃស្អាត ដោយឧស្សាហ៍លាងដៃជាមួយទឹកស្អាតនឹងសាប៊ូ ឬទឹកអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់។
* ត្រូវពាក់ម៉ាស់ (ក្នុងករណីចាំបាច់ ជាពិសេសពេលធ្វើដំណើរដែលមានគ្នាច្រើន ឬនៅទីកន្លែងដែលមានមនុស្សម្នាច្រើនជាដើម) ឬប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អកកណ្ដាស់។
* ត្រូវអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានលើសពីមួយម៉ែត្រ កន្លះឡើងជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៍កូវីដ-១៩ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៨.៤៥% ធៀបនឹង ចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺ ជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕