(ភ្នំពេញ)៖ សង្គ្រាមស្រួលបង្កើត តែបញ្ចប់សង្គ្រាមវិញទេដែលលំបាក អ្នកបង្កើតសង្គ្រាមរមែងបន្សល់ទុកនូវការបែកបាក់និរាសព្រាត់ប្រាស់ កំព្រា មេម៉ាយ និងជីវិតសោកសៅជាច្រើនរាប់មិនអស់ ហើយអ្នកបង្កើតសង្គ្រាមក៏ចំណេញមិនតិចដែរពីការទទួលបាននូវទ្រសម្បត្តិ ស្រីស្រា និងអំណាចជាដើម។ ផ្ទុយពីអ្នកបញ្ចប់សង្គ្រាម ដែលលះបង់ពលីកម្មគ្រប់បែបយ៉ាង សូម្បីជីវិត និងសេចក្តីសុខជាមួយប្រពន្ធកូនក្រុមគ្រួសារ។
អ្នកបញ្ចប់សង្គ្រាមត្រូវបានគេលាបពណ៌ មើលងាយ ចោទប្រកាន់គ្រប់បែបយ៉ាងថាជាជនក្បត់ជាតិ ថាជាអាយ៉ងបរទេស និងថាជាជនផ្តាច់ការ គ្រប់សព្វបែបយ៉ាង តែបេះដូងអ្នកស្វែងរកសន្តិភាព ដែលចាប់ផ្តើមតាំងពីខោអាវមួយចង្កេះ ស្បែកជើងមួយគូពាក់ប្តូរគ្នាជាមួយនឹងយុទ្ធមិត្ត និងសមមិត្ត គឺជាអ្នកផ្តល់នូវការអធ្យាស្រ័យលើកលែងទោសគ្រប់យ៉ាងឲ្យក្រុមជនអគតិដែលស្អប់ និងលាបពណ៌មកលើខ្លួន។ បេះដូងមួយនេះ ព្រះផ្តល់ឲ្យមនុស្សតែម្នាក់គត់ ក្នុងចំណោមមនុស្សរាប់លាននាក់ដែលកើតលើទឹកដីខ្មែរ។
ទោះបីជាគ្មានការលើកទឹកចិត្តពីជាតិសាសន៍ខ្មែរគ្នាឯង ១០០% ក៏ដោយ ក៏មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជាមួយរូប ដែលព្រះប្រទានជីវិតមកដើម្បីសង្គ្រោះជីវិតខ្មែរ និងដើម្បីជាមគ្គុទ្ទេសក៍ដឹកនាំបញ្ចប់សង្គ្រាមនោះ លោកបានបំពេញតួនាទីដោយឥតរាថយ ដើម្បីស្រាយចំណងសង្គ្រាមនេះ ហើយបញ្ចប់សង្គ្រាម បង្កើតសន្តិភាពបានយ៉ាងជោគជ័យ។
ជាកូនអ្នកស្រែចម្ការបានទទួលការសិក្សាររៀនសូត្រនៅតាមវត្តអារាម ហើយបានសម្រេចចិត្តចូលព្រៃកាន់អាវុធតស៊ូជាមួយនឹងចលនាសីហនុនិយម លោក ហ៊ុន សែន បានធ្វើដំណើរឆ្លងកាត់ជីវិតតស៊ូ មានល្អ មានអាក្រក់ មានអ្នកស្រលាញ់ មានអ្នកស្អប់ មានអ្នកអាណិត និងមានអ្នកច្រណែនរាប់មិនអស់។ នេះគឺជាដំណើរជីវិតធម្មតារបស់អ្នកបដិវត្តន៍ ដែលគ្មានអ្នកបដិវត្តន៍ណាម្នាក់ចាប់ផ្តើមឡើងសុទ្ធតែមានមនុស្សស្រលាញ់ចូលចិត្ត ឬសុទ្ធតែមានអ្នកស្អប់ទាំងអស់នោះទេ។
ចាប់ផ្តើមតាំងពីសមមិត្ត ហ៊ុន សែន មកជាលោក ហ៊ុន សែន ជាឯកឧត្តម ហ៊ុន សែន រហូតដល់បច្ចុប្បន្នជាសម្តេច ហ៊ុន សែន ដែលពិភពលោកស្គាល់ថា ជាបុរសខ្លាំងនៃកម្ពុជានាពេលនេះ គាត់ (ហ៊ុន សែន) សាកសមនឹងទទួលបានងារប្រវត្តិសាស្ត្រមួយទៀតពីស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នតំណាងពលរដ្ឋ គឺងារ «មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា»។
បើនិយាយពីសង្គ្រាមស៊ីវិលដែលឆាបឆេះក្នុងប្រទេសខ្មែរ និងការបែកបាក់ផ្ទៃក្នុងជាតិ ដែលប្រទេសមួយមានកងកម្លាំងប្រដាប់អាវុធច្រើនភាគី ប្រទេសមួយមានរដ្ឋបាលគ្រប់គ្រងដែនដីច្រើនក្រុម និងដែលក្បាលម៉ាស៊ីនរដ្ឋបាលនយោបាយនីមួយៗ តែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកៀរប្រមូលយកពលរដ្ឋ និងយុវជនចូលក្នុងដែនដីតំបន់គ្រប់គ្រងរបស់ខ្លួន បំពាក់អាវុធឲ្យធ្វើជាកងទ័ព រួចវាយប្រយុទ្ធគ្នាដណ្តើមយកដែនដីគ្រប់គ្រងនោះ គឺវាបានកើតឡើងតាំងពីមុនលោក ហ៊ុន សែន ចូលព្រៃតស៊ូមកម្ល៉េះ។ ត្រង់អ្នកណាក្រុមណាជាអ្នកឈ្លោះគ្នា ដណ្តើមផលប្រយោជន៍គ្នា រួចបង្កើតជម្លោះស៊ីវិល បង្កើតកងកម្លាំងប្រដាប់អាវុធវ៉ៃសម្លាប់ខ្មែរគ្នាឯង ហុចដៃឲ្យបរទេសមានឱកាសចូលឈ្លានពានខ្មែរ និងប្រើដៃខ្មែរសម្លាប់ខ្មែរនោះ គឺមានអ្នកស្រាវជ្រាវ អ្នកនិពន្ធជាច្រើនបានសរសេររួចអស់ហើយ ដែលខ្ញុំមិនចាំបាច់អត្ថាធិប្បាយអ្វីសាឡើងវិញឡើយ។ នៅលើសំណេរនេះ ខ្ញុំចង់និយាយតែពីគុណសម្បត្តិរបស់បុរសម្នាក់ ដែលបានរៀបចំយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់គាត់ ដឹកនាំអនុវត្តសម្រេចបានជោគជ័យ ១០០% ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអ្នកនយោបាយចាស់ៗ រួមទាំងរាជវង្សគ្រួសារមន្ត្រី អភិជន ជាអ្នកចង ជាអ្នកបង្កើតមកនោះ បែរជាគ្មានសមត្ថភាពដោះស្រាយបញ្ចប់ សូម្បីតែកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។
ម្ចាស់នយោបាយយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលទទួលបានទាំងការស្រលាញ់ ទាំងការស្អប់ ការចូលចិត្ត ការមិនចូលចិត្ត ពីសំណាក់ពលរដ្ឋខ្មែរ រហូតមានអ្នកលើកជាទេវតារស់ និងជាអ្នកសង្គ្រោះផ្តល់ជីវិតទី២ ដល់ពលរដ្ឋខ្មែរក្រោយរបបវាលពិឃាតខ្មែរក្រហមនោះ ក៏មានអ្នកចោទគាត់ថាជាជនក្បត់ជាតិ ជាមេដឹកនាំអាយ៉ងយួន ដែលយួនលើកបន្តុបដើម្បីបម្រើផលបរយោជន៍យួនផងដែរ។ ទាំងអស់នេះ គឺជាតថភាព និងជាសច្ចភាព ដែលអ្នកតស៊ូធ្វើបដិវត្តន៍រមែងទទួលបានពីអ្នកស្រលាញ់ និងអ្នកស្អប់ ប៉ុន្តែការពិតគឺប្រៀបដូចជាព្រះអាទិត្យ និងព្រះច័ន្ទ ដែលមានតែមួយគ្មានអ្នកណាម្នាក់អាចបំភ្លៃបានឡើយ។
នោះគឺបុរសម្នាក់ អ្នករងទទួលនូវគ្រប់រសជាតិសម្ដីពីអ្នកនយោបាយពីអ្នកវិភាគពីពលរដ្ឋខ្មែរខ្លួនឯង និងពីសហគមន៍អន្តរជាតិម្នាក់នេះហើយ ដែលជាអ្នកដឹកនាំ «បញ្ចប់សង្គ្រាមស៊ីវិល» ក្នុងប្រទេសខ្មែរ ធ្វើឲ្យប្រទេសមួយមានកងកម្លាំងប្រដាប់អាវុធជាតិ កងទ័ពជាតិ និងកងនគបាលជាតិតែមួយ ប្រទេសមួយមានរដ្ឋាភិបាលតែមួយ និងដែលរដ្ឋាភិបាលដឹកនាំគ្រប់គ្រងទឹកដីតាំងពីថ្នាក់ភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ ខេត្ត-រាជធានី ១០០% លើផ្ទៃប្រទេស អាចនិយាយបានថា តាំងពីបែកបាក់សម័យអង្គរដ៏រុងរឿងក្រោមនយោបាយដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ មករហូតដល់សម័យអាណានិគមបារាំងរហូតដល់មុនឆ្នាំ១៩៩៨ គឺប្រទេសខ្មែរជាង ៩០០ ឆ្នាំមកនេះ គ្មានសន្តិភាព គ្មានការបង្រួបបង្រួមកងកម្លាំងប្រដាប់អាវុធ និងគ្មានរដ្ឋាភិបាលតែមួយទេ។
វាជាការពិត គឺទើបតែនៅក្រោយឆ្នាំ១៩៩៨ មកទល់នឹងបច្ចុប្បន្ននេះទេ ដែលប្រទេសខ្មែរមានកងកម្លាំងប្រដាប់អាវុធតែមួយរបស់ជាតិ មានរដ្ឋាភិបាលជាតិតែមួយ និងដែលរដ្ឋាភិបាលជាតិគ្រប់គ្រងទឹកដី ១០០% លើផ្ទៃប្រទេស គ្មានពីរ បី ឬបួន ភាគីដូចពីអតីតកាល។ បុរសម្នាក់ដែលយកជីវិតធ្វើដើមទុន ដើម្បីដឹកនាំតាំងពីការធ្វើបដិវត្តន៍រហូតឈានដល់ការធ្វើអភិវឌ្ឍន៍ប្រទេស ដើម្បីប្រកួតប្រជែងជាមួយអរិយប្រទេសលើពិភពលោក គឺជៀសមិនផុតទេនូវការតិះទាន ការិះគន់ ការស្អប់ ការប្រមាទ និងការច្រណែនឈ្នានិស ពីក្រុមមនុស្សដែលធ្វើមិនបានដូចគាត់។
យើងនៅចាំបានថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺខ្មែរក្រហមមិនបានអនុវត្តន៍កិច្ចព្រមព្រៀងនេះ ហើយចូលរួមបោះឆ្នោតនៅឆ្នាំ១៩៩៣ នោះទេ។ អ្នកដែលអាចបំបែកកម្លាំងនយោបាយ និងកម្លាំងយោធារបស់ខ្មែរក្រហមបាន ហើយអាចដឹកនាំធ្វើសមាហរណកម្មកម្លាំងយោធារបស់ខ្មែរក្រហម និងប្រជាពលរដ្ឋឲ្យវិលចូលមករួមរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយបាននៅក្រោយឆ្នាំ១៩៩៨ គឺសម្តេច ហ៊ុន សែន។
ដូចនេះសមិទ្ធផលបញ្ចប់សង្គ្រាមស៊ីវិល បញ្ចប់កម្លាំងយោធាខ្មែរក្រហម និងសម្លាប់ក្បាលម៉ាស៊ីននយោបាយរបស់ខ្មែរក្រហម វាគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយសន្តិភាពដែលបានមកក្រោយបញ្ចប់ជម្លោះប្រដាប់អាវុធស៊ីវិលនេះ វាជាគ្រាប់បាយរបស់អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ គ្រប់គណបក្សទាំងអស់ ដែលចុះឈ្មោះបង្កើតបក្សនយោបាយ ប្រកួតប្រជែងក្នុងប្រទេសខ្មែរ ព្រោះប្រសិនបើប្រទេសជាតិនៅមានសង្គ្រាម នៅមានកម្លាំងប្រដាប់អាវុធឧទ្ទាមប្រឆាំងរដ្ឋាភិបាល និងទឹកដីនៅបែងចែកតំបន់រដ្ឋបាលគ្រប់គ្រងច្រើនតំបន់ នោះពលរដ្ឋមិនអាចធ្វើដំណើររកស៊ី ដើរកម្សាន្ត និងប្រាស្រ័យទាក់ទងបានស្រួលឡើយ ហើយការធ្វើនយោបាយ និងការឃោសនានយោបាយរបស់គណបក្សនយោបាយ គ្រប់បក្សក៏គ្មានភាពងាយស្រួលដែរ។
ហេតុផលអស់នេះ គឺជាការពិតដែលថា សម្តេច ហ៊ុន សែន អតីតអនុប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាសាកសមបំផុតដែលត្រូវតែទទួលនូវគោរមងារពីរដ្ឋសភាជាតិជា «មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា»។
សង្គ្រាមស្រួលបង្កើតទេ តែការបញ្ចប់សង្គ្រាម គឺមិនងាយនងបញ្ចប់ដាច់ខាត បើសង្គ្រាមបានជាកើតហើយ។ តាំងពីជាយុវជនមកជាសមមិត្ត ហ៊ុន សែន មកជាឯកឧត្តម ហ៊ុន សែន មកជាសម្តេចតេជោ ហ៊ុន សែន នោះ ដើម្បីថែរក្សាការពារសមិទ្ធផលសន្តិភាព ដែលសម្តេចបានលះបង់ និងយកមកបានគឺសម្តេចតេជោ ហ៊ុន សែន បានអនុវត្តន៍នូវវិធានមួយយ៉ាងច្បាស់លាស់តាមសុភាសិតបារាំង ដែលពោលថា៖ «បើចង់ថែរក្សាសន្តិភាពត្រូវត្រៀមធ្វើសង្គ្រាម»។
តាំងពីក្រោយឆ្នាំ១៩៩៨ មក ក្រោយការបញ្ចប់កម្លាំងនយោបាយ និងយោធារបស់ខ្មែរក្រហមអាចនិយាយបានថា សន្តិភាព នេះមានការផុយស្រួយខ្លាំងណាស់ ព្រោះតែសម្ពាធអន្តរជាតិ ចង់កាត់ទោសមេដឹកនាំខ្មែរក្រហមភ្លាមៗឲ្យខាងតែបាន។ សហគមន៍អន្តរជាតិ ពិសេស UN មិនខ្វល់ពីអាយុកាល ពេលវេលាដ៏ខ្លីដែលកម្ពុជា ទើបទទួលបានសន្តិភាពនោះទេ គឺពួកគេនាំគ្នាជំរុញ និងធ្វើយ៉ាងណាចង់តែបង្កើតសាលាក្តីខ្មែរក្រហម ចាប់កាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យបានឆាប់ៗ ដោយឥតគិតខ្វល់ថា មេដឹកនាំខ្មែរក្រហម និងកងកម្លាំងដែលស្មោះត្រង់ជាមួយពួកគេ វិលត្រឡប់ទៅព្រៃវិញ បង្កើតសង្គ្រាមស៊ីវិលសារជាថ្មី ដុតរោលកម្ពុជា និងបំផ្លាញសមិទ្ធផលសន្តិភាព ដែលសម្តេច ហ៊ុន សែន ខំស្ទូចយកមកបានដោយលំបាកឡើយ ប៉ុន្តែដោយភាពឆ្លាតវៃ និងការដឹកនាំដ៏ប៉ុនប្រសព្វរបស់សម្តេចមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា ព្រមជាមួយនឹងសិល្បនយោបាយដ៏ទន់ភ្លន់ តែម៉ឺងម៉ាត់របស់សម្តេច ទោះជាព្យុះសហគមន៍អន្តរជាតិ ខំទាញនាវាកម្ពុជាក្នុងដំណាក់កាលនោះក៏ដោយ ក៏លោកនៅតែជម្នះទប់ទល់បានរហូតបានបំពេញទាំងបំណងរបស់ UN និងសហគមន៍អន្តរជាតិ ព្រមទាំងទប់ទល់បានជោគជ័យ មិនឲ្យអង្គការនយោបាយ និងយោធារបស់ខ្មែរក្រហមវិលទៅព្រៃបង្កើតអប្បគមន៍សាជាថ្មី។
មកដល់ថ្ងៃនេះ ទោះជាមានក្រុមអ្នកនយោបាយសង្គ្រាមនិយមមួយចំនួនខំកកូរកកាយសភាពការណ៍ ក្នុងគោលបំណងទាញកម្ពុជាឲ្យធ្លាក់ចូលក្នុងភាពវឹកវរ ដែលងាយបង្កើតសង្គ្រាមសាជាថ្មីយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជាបានប្រើយុទ្ធសាស្ត្រ «ត្រៀមធ្វើសង្គ្រាម ដើម្បីការពារសន្តិភាព» បានយ៉ាងជោគជ័យ។ អ្នកដែលមិនយល់ពីបេះដូងរបស់អ្នកកសាងសន្តិភាព ដែលខំលះបង់ដើម្បីសន្តិភាព ពួកគេរមែងអគតិយល់ថា ការត្រៀមធ្វើសង្គ្រាម គឺជាចេតនាចង់បង្កាត់ភ្លើងសង្គ្រាមឡើងវិញ ដើម្បីការពារអំណាច។ តែបើយើងចូលឲ្យជ្រៅទៅដល់ជម្រៅបេះដូងរបស់អ្នកកសាងសន្តិភាព ដែលជាមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជានោះវិញ ទើបយើងយល់នូវទឹកចិត្តស្រលាញ់សន្តិភាព ភាពអំណត់ដើម្បីសន្តិភាព និងគុណធម៌ដើម្បីសន្តិភាពរបស់គាត់ (សម្តេចតេជោ ហ៊ុន សែន) ដែលខំលះបង់ និងចែករំលែក ព្រមទាំងអត់អធ្យាស្រ័យដល់គ្រប់គ្នាអ្នកវង្វេងផ្លូវ ដើម្បីកៀរប្រមូលមករួមរស់ក្រោមដំបូលសន្តិភាព តែមួយដែលលោកបានពលីកម្មយកមកបានដោយលំបាក។
ពលរដ្ឋខ្មែរ យុវនខ្មែរ អ្នកនយោបាយខ្មែរគ្រប់បក្ស ដល់ពេលវេលាហើយ ដែលគ្រប់គ្នាត្រូវហ៊ានងើបមុខឡើងញញឹមទទួលយកការពិត រួចចោទសួរខ្លួនឯងថា៖ តើនណាជាអ្នកដឹកនាំបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលកើតឡើងក្នុងប្រទេសយើង? បើយើងជាជនជាតិខ្មែរ សូម្បីការពិតនៃការកសាងសន្តិភាពមួយនេះមិនហ៊ានទទួលស្គាល់ ទទួលយកមិនបានផង តើធ្វើម៉េចនឹងអាចកសាងការឯកភាពជាតិបានរឹងមាំ? យើងអាចជំទាស់លើទស្សនៈការដឹកនាំរបស់មេដឹកនាំម្នាក់ៗ តែយើងមិនអាចបដិសេធនូវសមិទ្ធផល ដែលជាផលរួមសម្រាប់សាធារណៈ។
សមិទ្ធផល «សន្តិភាព» ដែលសម្តេចតេជោ មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា បានខំលះបង់សម្រេចយកមកបាន វាជាសមិទ្ធផលមួយដ៏ធំអស្ចារ្យនៃប្រវត្តិសាស្ត្រជាតិខ្មែរ ពីព្រោះសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលកើតឆាបឆេះក្នុងប្រទេសខ្មែរ មិនមែនយុវជន ហ៊ុន សែន សមមិត្ត ហ៊ុន សែន ឯកឧត្តម ហ៊ុន សែន សម្តេច ហ៊ុន សែន ជាអ្នកបង្កើតទេ តែគឺយុវជន ហ៊ុន សែន សមមិត្ត ហ៊ុន សែន ឯកឧត្តម ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន ជាអ្នកបញ្ចប់ទាំងស្រុង តាំងពីក្រោយឆ្នាំ១៩៩៨ រហូតមកទល់នឹងថ្ងៃនេះ។ ដូចនេះសម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជាដ៏ពិតៗ៕
អត្ថបទដោយ៖ សួន សេរីរដ្ឋា