(ភ្នំពេញ)៖ សិក្ខាសាលារយៈពេល២ថ្ងៃ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្ដីពី «គុណតម្លៃ គុនល្បុក្កតោ ក្នុងសង្គមវប្បធម៌ខ្មែរ» បានបញ្ចប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ ដោយទទួល បាននូវសមិទ្ធផលធំៗ៤យ៉ាង នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ដែលបង្ហាញដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៨-១៩ ខែមករា ថ្នាក់ដឹកនាំ ពិសេសមានវាគ្មិនជាអ្នកប្រវត្តិវិទូ ព្រឹទ្ធាចារ្យក្បាច់គុន អ្នកជំនាញ វប្បធម៌ និងអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរជាច្រើន បានបើកសិក្ខាសាលាជជែកវែកញែកគ្នា អំពីគុនល្បុក្កតោ ដើម្បីជំរុញកីឡាក្បាច់គុនបុរាណ ដែលជាផ្នែកមួយនៃវប្បធម៌អរូបីរបស់ខ្មែរនេះ ដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិអរូបីពិភពលោកនៃអង្គការ UNESCO ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាខាងលើ លោក វ៉ាត់ ចំរើន បានមានថ្លែងថា សិក្ខាសាលានេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយថែមទាំងបានផ្ដល់នូវសារៈសំខាន់ជាច្រើនដល់សិក្ខាកាមចូលរួមប្រមាណ២៥០នាក់ផងដែរ ។ ប៉ុន្ដែសមិទ្ធផលធំៗ ដែលទទួលបានគួរឲ្យកត់សម្គាល់នោះ គឺមាន៤យ៉ាង ដែលជាចំណុចពិសេសនៃគុណតម្លៃគុនល្បុក្កតោខ្មែរ ។
សមិទ្ធផលទាំង៤យ៉ាងនោះរួមមាន៖ ទី១-ឯកភាព គាំទ្រ ចុះបញ្ជីគុនល្បុក្កតោ ក្នុងបញ្ជីតំណាង “Representative List” ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ។ ទី២-ឯកភាព គាំទ្រ ចាត់វិធានការ អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនល្បុក្កតោក្នុងសង្គមវប្បធម៌ខ្មែរ និងក្នុងសហគមន៍ខ្មែរ ។ ទី៣-ឯកភាព គាំទ្រ គុណតម្លៃគុនល្បុក្កតោ ជាមាគ៌ាឆ្ពោះទៅរកទស្សនៈវិជ្ជានៃជីវិត និងជាមាគ៌ានៃគុណភាពជីវិត សម្រាប់អប់រំកាយ-ចិត្ត និងអប់រំសីលធម៌-វប្បធម៌ក្នុងសង្គមខ្មែរជានិរន្ដរ៍ និងទី៤-អង្គសិក្ខាសាលា បានអំពាវនាវឲ្យប្រជាពលរដ្ឋ វិស័យឯកជន-រដ្ឋគ្រប់ស្ថាន សិស្ស-និស្សិត និងកម្លាំងប្រដាប់អាវុធ សហការរួមចិត្តគំនិតគ្នាលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ “គុណតម្លៃគុនល្បុក្កតោខ្មែរ” ដើម្បីទុកជាមរតកវប្បធម៌ជាតិ និងមនុស្សជាតិលើពិភពលោក ។
ជាមួយនឹងសេចក្ដីការណ៍ ក៏ទទួលបានការគាំទ្រពេញទំហឹងពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី «គុណតម្លៃគុនល្បុក្កតោ ក្នុងសង្គមវប្បធម៌ខ្មែរ» នេះផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ ថែមទាំងបានប្ដេជ្ញាចិត្តខិតខំគ្រប់បែបយ៉ាងចូលរួមជាមួយ ក្រុមការងារជំនាញលើការស្រាវជ្រាវ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធកីឡាល្បុក្កតោ ដើម្បីជំរុញក្បាច់គុនបុរាណខ្មែរនេះ ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិអរូបីពិភពលោកនៃអង្គការ UNESCO ផងដែរ ៕